(ក្រុងឡុងដ៍)៖ លោក Mauricio Pochettino បានបង្ហើបពីក្ដីសុបិនថា ថ្ងៃណាមួយលោកនឹងក្លាយជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាហ្សង់ទីន មុននឹងវិលត្រឡប់ទៅក្លឹបចាស់ Newells Old Boys វិញ ដោយលោកមិនបានរាប់បញ្ចូលក្លឹប Barcelona តាមពាក្យលើកឡើងនាពេលកន្លងមកនោះទេ។

បុរសវ័យ ៤៦ឆ្នាំបានលើកឡើងបែបនេះក្នុងសន្និសីទមួយមុនក្លឹប Tottenham Hotspur ត្រូវបើកទ្វារកីឡដ្ឋាន Wembley ទទួលស្វាគមន៍ក្រុមភ្ញៀវ Barcelona ក្នុងវគ្គសន្សំពិន្ទុពូលនៃ B រាត្រីថ្ងៃព្រហស្បតិ៍ ទី៤ ខែតុលា ឆ្នាំ២០១៨ ក្នុងពានរង្វាន់អឺរ៉ុប UEFA Champions League។

អតីតកីឡាករនៃក្លឹប Newell’s Old Boys, Espanyol, Paris Saint-Germain និង Bordeaux ផងនោះ បានបង្ហើបប្រាប់ក្រុមសារព័ត៌មានថា លោកចង់ធ្វើជាគ្រូបង្វឹកនៅក្លឹបចាស់ Newell’s Old Boys ហើយក្លឹបនេះ ក៏ជាចំណុចចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្ញុំផងដែរ។

Pochettino បានសង្កត់ធ្ងន់ថា «ខ្ញុំត្រូវជំរុញឲ្យក្លឹប Tottenham ឈានដល់ចំណុចកំពូល និងទទួលជ័យជម្នះជាប់ជានិច្ច នេះគឺជាទស្សនវិស្ស័យរបស់ខ្ញុំ»