(ភ្នំពេញ)៖ ទីបំផុតម្ចាស់អាវលេខ១ ដែលជាអតីតអាវរបស់អ្នកចាំទីឆ្នើម ស៊ូ យ៉ាទី បានរកឃើញម្ចាស់ថ្មីហើយ គឺកីឡាករ ហ៊ុល គឹមហ៊ុយ យុវជនមានប្រភពពីសាលាបាល់ទាត់ជាតិបាទី ដែលនឹងចូលរួមជាមួយក្រុមបឹងកេតអែហ្វស៊ី នារដូវកាលឆ្នាំ២០១៩ខាងមុខ។

ក្លឹបបឹងកេត បានប្រកាសចុះកិច្ចសន្យាផ្លូវការជាមួយអ្នកចាំទីជម្រើសជាតិយុវជន ហ៊ុល គឹមហ៊ុយ កាលពីល្ងាចមិញ ដោយគេនឹងត្រូវជំនួសតំណែងរបស់ ស៊ូ យ៉ាទី បន្ទាប់ពីម្ចាស់ស្រោមដៃមាសពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ៤សម័យកាលរូបនេះ បានចាកចេញទៅរួមរស់ជាមួយក្រុមណាហ្គាវើល កាលពីពាក់កណ្ដាលរដូវកាលឆ្នាំ២០១៨។

យ៉ាងណាមិញក្លឹបជើងឯករងលីគកំពូលកម្ពុជា ឆ្នាំ២០១៨នេះ មិនបានបញ្ជាក់ពីសុពលភាព នៃកិច្ចសន្យា ដែលបានផ្ដល់ជូនដល់យុវជនមានដើមកំណើតនៅស្រុកបាទី ខេត្តតាកែវនេះឡើយ ប៉ុន្ដែបើតាមប្រភពស្និទ្ធស្នាលជាមួយអ្នកចាំទីវ័យក្មេងរូបនេះ បានបង្ហើបថា ក្លឹបបឹងកេត បានផ្ដល់កុងត្រារយៈពេលវែងគួរសំ ដើម្បីអភិវឌ្ឍន៍បន្ថែម និងពួតដៃជាមួយសិស្សច្បង រួមមានអ្នកចាំទី គឹម មរាក និង យោគ អារី ដើម្បីជួយក្លឹបនារដូវកាលក្រោយ។

គួរបញ្ជាក់ថា គឹមហ៊ុយ អាចចុះកុងត្រាលេងឲ្យក្លឹបអាជីពបាន បន្ទាប់ពីរូបគេ បានផុតកិច្ចសន្យាជាមួយសាលាបាល់ទាត់ជាតិបាទី  ដែលគ្រប់គ្រងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ស្របពេលរូបគេ ទើបបានប្រឡង់ជាប់សញ្ញាបត្របាក់ឌុប ឆ្នាំ២០១៨ ជាមួយនិទ្ទេស E កាលពីពេលថ្មីៗ។ គេជឿជាក់ថា ការចុះកិច្ចសន្យាជាមួយក្លឹបលំដាប់ជួរមុខស្រុកខ្មែរនេះ នឹងជំរុញឲ្យ គឹមហ៊ុយ កាន់តែមានអនាគតល្អក្នុងអាជីពបាល់ទាត់របស់ខ្លួន៕