(ភ្នំពេញ)៖ តារាសម្ដែង អ្នកនាង ស្វែង សុជាតា និងតារាសម្ដែងចាស់ឆ្នាំ លោក ជា សំណាង បានបង្កើតនូវព្រឹត្តិការណ៍ថ្មីមួយរួមគ្នា ធ្វើឲ្យទស្សនិកជនទស្សនាហើយ ស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន តាមរយៈការសម្ដែងក្នុងវិដេអូអប់រំមួយ មានចំណងជើងថា «ស្នាមក្រែម» បង្ហាញពីការប្រើអំពើហិង្សា ព្រោះតែការគិតខ្លីមួយពេល រហូតស្ទើរតែបាត់បង់គ្រួសារ ដ៏មានសុភមង្គលមួយទៅហើយ។

វីដេអូខ្លី នេះ ​បង្ហាញពីជីវិតរបស់​គ្រួសារមួយ ដែលធ្លាប់តែមានសុភមង្គល និងពោរពេញ ទៅដោយក្ដីស្រឡាញ់ តែត្រូវរលាយបាត់បង់ ដោយសារតែការសប្បាយភ្លើតភ្លើន ​ជាកំហុសឆ្គង ធ្វើឲ្យបាត់បង់ សុភមង្គល និងក្ដីសុខ​ដែលធ្លាប់តែមានកន្លងមក។ យ៉ាងណាមិញ វីដេអូអប់រំខ្លីនេះ កំពុងតែទទួលបានការចាប់អារម្មណ៍ ជាពិសេស គឺមានការគាំទ្រខ្លាំង គួរឲ្យកត់សម្គាល់។

នៅក្នុងរឿងអប់រំនេះ ជាប្រភេទរឿងខ្លី កំពុងត្រៀមអង្រួនទឹកភ្នែកមហាជន ជាពិសេសអ្នកដែលមានគ្រួសារ​កំពុងមានសុភមង្គល ព្រមទាំងក្ដីស្រឡាញ់ ដែលផ្ដល់ឲ្យគ្នាទៅវិញទៅមក តែដោយសារតែ បញ្ហានិងភាព ភ្លើតភ្លើន សប្បាយភ្លេចខ្លួន ការមិនយកចិត្តទុកដាក់ ​ពីសំណាក់មេគ្រួសារ ទើបនាំឲ្យមានការឈ្លោះប្រកែកគ្នា ធ្វើឲ្យ​​កូនស្រីម្នាក់ ដែលធ្លាប់តែទទួលបាន​ការស្រឡាញ់ថ្នាក់ថ្នម រហូតប្រែក្លាយទៅជា ក្មេងស្រីដែលគ្មានទីពឹង​ និងរងនូវសម្ពាធផ្លូវចិត្ត ដើររស់នៅតាមចិញ្ចើមផ្លូវ ក្លាយជាក្មេងស្រី​គ្មានទីពឹង ពិតជាកំសត់ខ្លាំង។

ចុងបញ្ចប់នៃសាច់រឿងទាំងមូល គឺតួអង្គ ដែលជាសមាជិកក្នុងគ្រួសារ បានត្រឡប់មកជួបជុំគ្នា និងប្រកបទៅដោយ​សុភមង្គលវិញ ដោយសារតែការចេះភ្ញាក់ រឭក និងការមានទំនួលខុសត្រូវ និងការចេះអត់ឱនឲ្យគ្នា ហើយជួនកាល​កំហុសបន្តិចបន្តួចយើងអាចកែបាន តែកំហុសខ្លះវាអាចហួស រហូតដល់​កែមិនបាន។ ដូច្នេះត្រូវចង់ចាំថា កុំចាំដល់បាត់បង់ទើបស្ដាយក្រោយ​៕