(ភ្នំពេញ)៖ បន្ទាប់ពីបទចម្រៀងគ្រប់ទម្រង់ និងគ្រប់ចង្វាក់ ត្រូវបានបញ្ចេញជាបន្តបន្ទាប់ ដើម្បីរាំលេងកំសាន្ត និងអបអរសាទរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិរបស់ខ្មែរ ដែលនឹងខិតជិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ ខណៈនេះមានចម្រៀងមួយបទទៀតហើយ ​ជាបទថ្មីរបស់​លោក សុខ ដែន មានចំណងជើងថា «ថ្ងៃភ្ជុំក្រមុំរាំស្លុយ» ពីរោះ ព្រមទាំងបង្កប់អត្ថន័យអប់រំយ៉ាងជ្រៀលជ្រៅ ដល់យុវវ័យក្នុងឱកាស​បុណ្យភ្ជុំ​បិណ្ឌនេះ។

ហើយបន្ថែមលើអត្ថន័យអប់រំយ៉ាងជ្រៀលជ្រៅនេះឱ្យយុវវ័យ ចេះថែរក្សានូវប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ខ្មែរ ពិសេសក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះផ្ទាល់ ពោលគឺឲ្យយុវវ័យ កុំស្លៀកពាក់សិចស៊ី ជាពិសេសគឺកុំឲ្យវប្បធម៌បរទេស មកវាយលុកលើវប្បធម៌ខ្មែរតែម្ដង។

គួររំឭកផងដែរថា លោក សុខ ដែន គឺជាតារាចម្រៀង ព្រមទាំងជាអ្នកដឹកនាំផ្ទាល់នូវរាល់បទចម្រៀងនីមួយៗរបស់លោក ជាពិសេសនោះគឺសុទ្ធសឹងតែបង្កប់នូវអត្ថន័យអប់រំ ជាក់ស្ដែងដូចបទថ្មីនេះកំពុងតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន។