(ភ្នំពេញ)៖ សមាគមសិល្បកខ្មែរ មានតារាសម្តែងស្រីអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានគ្រប់គ្រងអាណត្តិថ្មី កាលពីថ្ងៃទី០១ខែតុលា ឆ្នាំ២០១៨ បានអញ្ជើញសិល្បករជើងចាស់ចំនួន៥រូប ដែលមានជីវភាពខ្វះខាត និងបាត់បង់សមត្ថភាពការងារសិល្បៈ មកទទួលអំណោយសប្បុរសជន នៃមូលនិធីចាស់ជរា។

ចំពោះអំណោយ ដែលត្រូវបានប្រធានសមាគមសិល្បកខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រគល់ជូនតារាសសិល្បៈ​ជើងចាស់ ទាំង៥រូបខាងលើនេះ រួមមាន​ អង្ករ២ប៉ាវ, មី២កេះ, ត្រីខ២យូ និងថវិកាមួយចំនួនទៀត។ អ្នកនាង ចន ច័ន្ទលក្ខិ​ណា បានលើកឡើងថា សិល្បកររៀមច្បងដែលបាត់បង់សមត្ថភាព​ការងារ សមាគមមិនទុកពួកគាត់ចោលនោះទេ គឺសមាគមតែងតែគិតដល់ពួកគាត់ជានិច្ច។

ប្រធានសមាគមសិល្បកខ្មែររូបនេះ បានបញ្ជាក់ថា សម្រាប់វត្តមានសិល្បកររៀមច្បងទាំង៥រូប ដែលទទួលអំណោយ​នាពេលនេះ រួមមាន​ លោកគ្រូ សាឡាត់ អាយុ៧៩ឆ្នាំ អ្នកចម្រៀងអាយ៉ៃឆ្លងឆ្លើយ ,លោក អ៊ុក សំអឿន អាយុ៦៩ឆ្នាំអ្នកចម្រៀងអាយ៉ៃឆ្លងឆ្លើយ, លោក សួស សងវាចា អាយុ៥០ឆ្នាំអ្នកចម្រៀងសម័យ, លោក ហ៊ុន សាវិន អាយុ៦៥ឆ្នាំ គ្រូភ្លេងបុរាណ និងរៀមច្បង ដួង ម៉ារ៉ី អាយុ៧១ឆ្នាំ អ្នកចម្រៀងបុរាណ។

ឆ្លៀតក្នុងឱកាសនេះដែរ សមាគមសូមគោរពថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែលបាន​ជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករ​ចាស់ជរា» ជាពិសេសសូមគោរពថ្លែង​អំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរាក្នុងរយ:ពេល ៥ឆ្នាំ។​

លើសពីនេះ​សមាគមសិល្បករខ្មែរ សូមគោរពជូនពរសម្តេចទាំងពីរ និងសប្បុរសជនទាំងអស់ឲ្យមានសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងតទៅមុខទៀត៕