(​ភ្នំពេញ)៖ ខណៈដែល​បណ្ដា​ស្ថានីយ៍ទូរទស្សន៍មួយចំនួន ហាក់មិនអើពើ ក្នុងការផលិតកម្មវិធីសិល្បៈ សម្រាប់បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ លោក គួច ខេវិន អ្នកផលិតកម្មវិធីទូរទស្សន៍ម្នាក់ និងកំពុងគ្រប់គ្រងដឹកនាំកម្មវិធីប្រគំតន្ដ្រី «Anchor Fun Zone» របស់ទូរទស្សន៍ PNN បានប្រមូលតារាប្រុសស្រីជាច្រើន មករាំច្រៀងសម្រាប់សម្ដែង ចំថ្ងៃបុណ្យភ្ជុំបិណ្យឆ្នាំនេះ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយ បានស្គាល់និងបានយល់ពីអត្ថន័យ ពិធីបុណ្យប្រពៃណី​ ទំនៀមទម្លាប់ខ្មែរដ៏ធំ តាំងពីយូរលង់ណាស់មកហើយមួយនេះ។

លោក គួច ​ខេវិន បានហៅតារាល្បីៗជាច្រើនដួង មកច្រៀងបទប្រពៃណីខ្មែរ ហើយតារាស្រីៗស្លៀកឈុតហូលផាមួង អាវប៉ាក់ទៀតផង ដើម្បីឲ្យស័ក្តិសម និងកម្មវិធីបុណ្យប្រពៃណីជាតិនេះ និងជាការបង្ហាញឲ្យយុវវ័យ បានដឹងថា ទោះជាសម័យជឿនលឿន យ៉ាងណាក៏មិនត្រូវភ្លេចប្រពៃណីជាតិ របស់ខ្លួនដែរ។

​លោក គួច ខេវិន បានឲ្យដឹងថា បុណ្យខ្មែរចំនួន៣ ដែលខ្មែរមិនអាចជៀសវាងបាន រួមមាន បុណ្យភ្ជុំបិណ្ឌ, ​បុណ្យអ៊ុទូក និងបុណ្យចូលឆ្នាំប្រពៃណីជាតិ​។ រដូវកាលនេះទាំងនោះ តាមស្រុកតាមស្រែ ឬនៅ AeonMall គឺគេស្ដាប់បទប្រពៃណី! ហើយនិយាយការពិតទៅ ផលិតកម្មវិធីបែបនេះ គឺអស់លុយច្រើន ហើយមានផលវិបាកទៀត ត្រូវស្រាវជ្រាវរកតួ និងបទចម្រៀងអោយស៊ី ទៅតាមរដូវកាលបុណ្យទានទៀតផង។ ប៉ុន្ដែរយើងត្រូវតែធ្វើ ដើម្បីឲ្យមហាជនបានទស្សនា និងបណ្ដុះបណ្ដាលមនសិកាប្អូនៗតូចៗ ឲ្យពួកគេបានស្វែងយល់ ពីវប្បធម៌ និងបុណ្យជាតិរបស់ខ្លួន ហើយក្រៅពីកម្មវិធីខាងលើនេះ លោកក៏ធ្លាប់រៀបចំផលិតកម្មវិធី ថ្នាក់ជាតិជាច្រើនទៀត ឲ្យចំទៅតាមពេលវេលាផងដែរ ដូចជាកម្មវិធីចំរើនព្រះជន្មព្រះមហាក្សត្រ និងកាកបាទក្រហមជាដើម។

​សម្រាប់បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ លោក គួច ខេវិន បានហៅតារាល្បីៗច្រៀងបទប្រពៃណីខ្មែរ របស់ទូរទស្សន៍ PNN មានដូចជាអ្នកនាង ហ៊ឹម ស៊ីវន, ខាត់ សុឃីម, មាស សុខសោភា, ចេន សាយចៃ, ខេម និងលោក គង់ សុទា្ធរិទ្ធិ ជាដើម ដែលធ្វើឲ្យអ្នកទស្សនាបានជកចិត្តជាមួយតារាចម្រៀង ដែលម្នាក់ៗអាចច្រៀងបានគ្រប់ទំរង់។

លោក គូច ខេវិនសង្ឈឹមថា ទទួលបានការគាំទ្រ​ច្រើនហើយមាន Rating ខ្ពស់ ដោយសារតែកម្មវិធីនេះ មានតារាល្បីៗលំដាប់ប​រទេសជាច្រើនបានចូលរួមច្រៀងជាបន្ដ​បន្ទាប់ ហើយបើទោះជាពេលខ្លះ យើងមានការសម្ដែងបែបបុរាណខ្លះមែន តែបុរាណបែបសម័យទំនើប ព្រមទាំងមានការអប់រំផងដែរ៕​