(ភ្នំពេញ)៖ ​ពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណី របស់ប្រជាជនខ្មែរ តែងតែនិយមប្រកាន់ខ្ជាប់ខ្ជួន ធ្វើជារៀងរាល់ឆ្នាំ​ បានឈានចូលមកដល់ហើយ​។ នៅក្នុងនោះ មិនថា មន្រ្ដីរាជការ ក្រសួង អង្គភាព និង​ស្ថាប័ន​រដ្ឋ ឯកជន តែងតែអនុញ្ញាតិឲ្យឈប់ ចំនួន​៣ថ្ងៃ។ ចំណែកឯប្រជាជនមួយចំនួន ក៏បានរៀបចំផ្ទះសំបែង ដើម្បីទទួលស្វាគមន៍បងប្អូន ញាតិមិត្តជិតឆ្ងាយ ដែលមកលេងកម្សាន្ត នៅស្រុកកំណើត ជាពិសេសចំពោះឪពុកអ្នកម្ដាយ ដែលមានកូនៗ មកសិក្សា ឬ​ធ្វើការ នៅឆ្ងាយពីខ្លួន កំពុងតែរង់ចាំជួបមុខមនុស្ស ជាទីស្រឡាញ់។

អ្វីដែលកាន់តែចាប់អារម្មណ៍ កាលពីពេលថ្មីៗនេះ យុវវ័យមួយក្រុម បានសហការគ្នា ផលិតជាវីដេអូខ្លីមួយ មានចំណងជើងថា «កុំភ្លេចត្រឡប់ទៅផ្ទះ» ដែលអត្ថន័យ ដោយនិយាយអំពីការវិលត្រឡប់ទៅស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ជាពិសេស នៅក្នុងសាច់រឿងមួយនេះ ក៏មានការចូលរួមពីសំណាក់ តារាសម្ដែងនៅក្នុងរឿង «ផ្កាថ្ម» គឺ លោក ម៉ឺន ឯកសុធារិទ្ធ ផងដែរ។

នៅក្នុងរឿងអប់រំខ្លី «កុំភ្លេចត្រឡប់ទៅផ្ទះ» ជាប្រភេទរឿងខ្លី បែបជនបទ រៀបរាប់អំពីជីវិតគ្រួសារមួយ ដែលមានកូនប្រុសស្រីចំនួនបីនាក់ នារដូវបុណ្យភ្ជុំបិណ្ឌ។ នៅក្នុងរឿងអប់រំខ្លី នេះក្នុងអត្ថន័យនៃសាច់រឿង បានបង្កប់អត្ថន័យ នៃការដាក់តឿន ដល់ប្រជាជនទូទៅ ដែលឃ្លាតចាកឆ្ងាយពីស្រុកកំណើត មកធ្វើការនៅភ្នំពេញ គួរតែត្រឡប់ទៅជួបជុំគ្រួសារ នាឱកាសបុណ្យទានធំៗ​ម្តងៗ ជាពិសេសនារដូវភ្ជុំបិណ្ឌ នាពេលខាងមុខនេះ។

ជាមួយនឹងសាច់រឿងទាំងមូលនេះ អ្នកគាំទ្រ និង​ជាអ្នកផ្តួចផ្តើម ភេសជ្ជៈឆៅកួយកូបូរិ  ដែលជាអ្នកផលិតស្ពពពាណិជ្ជកម្ម បានបញ្ជាក់ថា «សាច់រឿងមួយនេះ គឺយើងលើកយកតែតួអង្គសំខាន់ៗចំនួន ៣ យកនិយាយតែប៉ុណ្ណោះ ក្នុងនោះមានដូចជា លោក ម៉ឺន ឯកសុធារិទ្ធ ជាតួអង្គកូនប្រុសទី២របស់គ្រួសារ រស់នៅជាមួយម្តាយ ដែលនៅឱកាសបុណ្យភ្ជំ មិនបាននៅផ្ទះជុំគ្រួសារ បែរជាទៅផ្ទះក្រាស់ (Crush) ដែលខ្លួនលួចស្រឡាញ់ទៅវិញ»។ ដោយឡែកចំពោះ កូនស្រីពៅ នៅផ្ទះជាមួយម្តាយដូចគ្នា តែមិនសូវចាប់អារម្មណ៍ និងយកចិត្តទុកដាក់ ក្នុងការរៀនវេចនំអន្សមពីម្តាយ និងជីដូន នោះទេ។ តួអង្គ មាស បញ្ញា ដែលជាកូនប្រុសបងមកនៅភ្នំពេញ បានបដិសេធសំណើររបស់ម្តាយ ក្នុងការមកលេងស្រុកកំណើត ដោយសារមិនអាចដកខ្លួនពីការងារបាន។

ចុងបញ្ចប់ តួអង្គទាំងអស់ ភ្ញាក់រឭកទៅជួបជុំគ្នាក្នុងថ្ងៃភ្ជុំធំ ទាំងក្តីរំភើប លាយដោយទឹកភ្នែកអ្នកម្តាយ ហើយទៅវត្តបំពេញកាតព្វកិច្ច ជាមួយពុទ្ធបរិស័ទ និងសាងអនុស្សា​ជាមួយគ្នាយ៉ាងសប្បាយរីករាយ នារដូវភ្ជំបិណ្ឌ៕