(ភ្នំពេញ)៖ ការប្រកួតដើម្បីបញ្ចប់កិច្ចនៃពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៨ កាលពីថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ក្រុម ជើងឯកចាស់ បឹងកេតអែហ្វស៊ី បានចាញ់ក្រុមភ្នំពេញក្រោន ដោយលទ្ធផល ២-១ នៅពហុកីឡដ្ឋានជាតិ។

ដោយកីឡាករ អ៊ន ចាន់ប៉ូលីន ពាក់លេខ៨ បានទាត់បញ្ចូលទីនៅនាទីទី៤២ និងចូលដល់តង់ទី២ កូនក្រុម របស់ភ្នំពេញក្រោន បានបន្ថែមនៅគ្រាប់ទី២ ដោយកីឡាករ TEIXEIRA JUNIOR VALCI ពាក់លេខ២៩ នៅនាទីទី៨៨ និង១គ្រាប់របស់បឹងកេត កើតឡើងនៅនាទីទី៩០+៤ ដោយកីឡាករ OIBOH JULIUS ពាក់លេខ២៧។

ជាការកត់សម្គាល់ ២យ៉ាងក្នុងថ្ងៃបិទបញ្ចប់លីគកំពូល ឆ្នាំ២០១៨ នេះ កីឡាករ ឈុន សុធារ័ត្ន របស់បឹងកេត បានប្រកាសព្យួរស្បែកជើងពីអាជីពជាកីឡាករ ក្រោយប្រឡូកក្នុងអាជីពលើវាលស្មៅនេះអស់រយៈពេលជាង១០ឆ្នាំ។ សុធារ័ត្ន បានផ្ដើមអាជីពក្រុមធំនៅក្លឹបបៀលប្រាយយូណាយធីត ក្នុងឆ្នាំ២០០៧ មុនមកចូលរួមជាមួយបឹងកេត នៅចុងឆ្នាំ២០១៣។

រឿងមួយទៀត គ្រូបង្វឹកបង្គោលនៃក្លឹបភ្នំពេញក្រោន លោក Sean Sainbury បានយកឈ្នះក្នុងការដឹកនាំ​លើកចុងក្រោយរបស់ខ្លួន មុនចាកចេញពីក្លឹបបាល់ទាត់ភ្នំពេញក្រោន បានធ្វើអ្នកគាំទ្រជាច្រើនពេញចិត្តជាមួយនឹងការដឹកនាំជាលើកនេះ។

សូមបញ្ជាក់ថា ការប្រកួតវគ្គសន្សំពិន្ទុនៃពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៨ ត្រូវបានបញ្ចប់ ដោយក្រុម ជើងឯកចាស់បឹងកេតអែហ្វស៊ី បានរក្សានៅចំណាត់ថ្នាក់លេខ២ និងមាន៤៩ពិន្ទុ បានចាញ់ក្រោមថ្វីជើងរបស់ក្រុម ភ្នំពេញក្រោន ដែលឈរនៅចំណាត់ថ្នាក់លេខ៥ និងមាន៣៦ពិន្ទុ៕