(ភ្នំពេញ)៖ ខណៈកម្មវិធីលំដាប់ថ្នាក់ពិភពលោក «Cambodia’s Got Talent» រដូវកាលទី២ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺមានសុទ្ធសឹងតែបេក្ខភាព មានសមត្ថភាពខ្ពស់មកសម្តែង ខណៈកាលពីសប្តាហ៍មុន គឺមានបេក្ខជនមួយក្រុម ធ្វើឲ្យផ្អើលពេញឆាក «​Cambodia’s Got Talent»។ ក្នុងនោះ ពួកគេបានជ្រើសរើសយកសិល្បៈបុរាណ មកសម្តែងលាយបញ្ជូល ជាមួយនឹងការច្រៀងតន្រ្តីសម័យ និងរាល់ឈុតឆាកសម្តែង បង្កប់ដោយអត្ថន័យថែរក្សាសិល្បៈវប្បធម៌ខ្មែរ។ អ្វីដែលសំខាន់ ការសម្តែងរបស់ក្រុម PLUGGER បានធ្វើឲ្យគណកម្មការ គឺអ្នកនាង ខាត់ សុឃីម រំភើបខ្លាំងរហូតហូរទឹកភ្នែក​ ខណៈទីបំផុតពួកគេបានទទួលប៉ូតុងមាស ពីលោក ឆន សុវណ្ណរាជ ដែលជាគណកម្មការពិសេស ផងដែរ។

បើតាមការកត់សម្គាល់ ការសម្តែងរបស់ក្រុម PLUGGER គឺមានការច្រៀងចម្រៀងសម័យ ដោយអត្ថន័យរាប់រៀបពីសិល្បៈ វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏ស្រស់ផូរផង់ ​ ដែលដូនតាខ្មែរបានបន្សល់ទុក ជាយូរលង់ណាស់មកហើយ ចាប់តាំងពីសម័យអង្គរមកម្ល៉េះ។ ក្រៅពីនេះ គឺមានសម្តែងនូវទម្រង់សិល្បៈល្ខោនខោល ដ៏គួរឲ្យចាប់អារម្មណ៍ទៀតផង ព្រោះនេះប្រៀបបាននឹងការប្រឌិតថ្មីមួយ ដោយរក្សានូវទម្រង់ដើមបានត្រឹមត្រូវ តែមានភាពប្លែកអារម្មណ៍ ជាមួយនឹងទស្សនីយភាពថ្មី ធ្វើឲ្យគ្រប់គ្នា មិនថាទស្សនិកជន និងគណកម្មការស្រែកហ៊ោរគ្រប់គ្នា ទាំងទឹកភ្នែករំភើប ថែមទាំងធ្វើឱ្យលោក ឆន សុវណ្ណរាជ មិនស្ទាក់ស្ទើរក្នុងការចុចប៉ូតុងមាស។

អ្វីដែលកាន់តែធ្វើឲ្យមហាជន ចាប់អារម្មណ៍ខ្លាំងនោះ មានគណកម្មការម្នាក់ ក្នុងចំណោមគណកម្មការទាំង៤ គឺអ្នកនាង ខាត់ សុឃីម បានសម្ដែងក្ដីរំភើបខ្លាំង ជាពន់ពេករហូតហូរទឹកភ្នែក ព្រោះតែរំជួលចិត្ត ​នឹងការសម្ដែងរបស់ក្រុម PLUGGER ដែលបានបង្ហាញពីទម្រង់សិល្បៈបុរាណ ដ៏មានតម្លៃមិនអាចកាត់ថ្លៃ​បាន ហើយត្រូវលើកយកមក​ប្រកួតប្រជែង ក្នុងកម្មវិធី​លំដាប់ពិភពលោក ដើម្បីឲ្យអន្តរជាតិបានស្គាល់កាន់តែច្បាស់ថា ទិដ្ឋភាពទាំងនេះ គឺជារបស់ខ្មែរពិតៗ។

យ៉ាងណាមិញ ទោះបីជាលទ្ធផលក្នុងវគ្គផ្តាច់ព្រ័ត្រ​យ៉ាងណាក្តី តែបេក្ខជនមួយក្រុមនេះ ពិតជាបង្ហាញនូវសមត្ថភាពដ៏អស្ចារ្យ របស់ពួកគេ ​ក្នុងឆាកបញ្ចេញសមត្ថភាព លំដាប់ថ្នាក់ពិភពលោកមួយនេះ។ អ្វីដែលសំខាន់ គឺពួកគេហាក់បានរួមចំណែក ក្នុងការផ្សព្វផ្សាយសិល្បៈ វប្បធម៌របស់ខ្មែរ ឲ្យអន្តរជាតិបានដឹង កាន់តែទូលំទូលាយ៕