(ភ្នំពេញ)៖ ពិតជាធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងស្នាដៃចម្រៀងរួមគ្នាថ្មីមួយ ច្រៀងដោយកូនប្រុសទាំងបី របស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ​មានចំណងជើងថា «សូមស្វាគមន៍ទីក្រុងភ្នំពេញ»។ បទនេះគេសង្កេតឃើញថា ​ទើបតែចេញម្សិលមិញសោះ ​តែទទួលបានការគាំទ្រច្រើន​ ពីសំណាក់ទស្សនិកជន ព្រោះមានអ្នកចូលទស្សនា រាប់ពាន់នាក់ទៅហើយ​។ អ្វីដែលសំខាន់ ក្នុងវីដេអូនៃចម្រៀងថ្មីនេះ គឺបានបង្ហាញយ៉ាងច្បាស់ ពីការ​អភិវឌ្ឍន៍ ភាពរីកចម្រើនជឿនលឿន ឥតឈប់ឈររបស់កម្ពុជា។

បទថ្មី «Welcome to Phnom Penh» ឬ «សូមស្វាគមន៍មកទីក្រុងភ្នំពេញ» ជាការច្រៀងរួមគ្នា ពីសំណាក់តារាចម្រុងប្រុសចំណូលថ្មី របស់ហង្សមាស គឺលោក សុវត្ថិ មុនីវណ្ណ, លោក សុវត្ថិ មុនីនាគ និងលោក សុវត្ថិ សិរីវុឌ្ឍ។ មិនត្រឹមតែសំនៀងរបស់អ្នកទាំងបី ពីរោះត្រូវចិត្តទស្សនិកជនគ្រប់វ័យនោះ​ទេ ថែមទាំងមានការបង្ហាញនូវទេសភាព ដ៏ស្រស់បំព្រងនៃទីក្រុងដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា ទៀតផង។ លើសនេះតាមរយៈចម្រៀងថ្មីនេះ វាបានរួមចំណែកមួយ ក្នុងការជួយផ្សព្វផ្សាយឲ្យអន្តរជាតិបានស្គាល់ និងឃើញពីទីក្រុងរបស់ប្រទេសកម្ពុជា ថាមានភាពស្រស់ស្អាតយ៉ាងណា។

ទន្ទឹមគ្នានេះដែរ គឺបានបង្ហាញពីកន្លែងកំសាន្តនានា ក្នុងរាជធានីភ្នំពេញ សួនច្បារ ផ្សារ និងអគារខ្ពស់ៗជាច្រើន ដែលកម្ពុជាកំពុងមាន និងកំពុងអភិវឌ្ឍន៍បន្ថែម ខណៈគ្រាន់តែ​មើលតាមរយៈវីដេអូ ចម្រៀងសឹងតែធ្វើឲ្យអ្នកមិនធ្លាប់មកភ្នំពេញ មានបំណងចង់មកលេង ជាពិសេសភ្ញៀវទេសចរណ៍អន្តរជាតិតែម្តង៕