(ភ្នំពេញ)៖​ កីឡាករ-កីឡាការិនីវ័យក្មេងកម្ពុជា ៣រូបលើ ៣ប្រភេទកីឡា រួមមានកីឡាហែលទឹក វាយសី និងកីឡាចំបាប់ បានចាកចេញពីមាតុភូមិហើយ ដើម្បីចូលរួមប្រកួតកីឡាអូឡាំពិកយុវជន ឆ្នាំ២០១៨ នៅប្រទេសអាហ្សង់ទីន ដែលគ្រោងចាប់ផ្ដើមការប្រកួតចុងសប្ដាហ៍។ បេសកកម្មនេះ ដឹកនាំដោយលោក ញ៉ាន សុខវិសាល មន្ដ្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេសកកម្ម។

លោក ញ៉ាន សុខវិសាល បានបញ្ជាក់មុនឡើងយន្ដហោះថា កម្ពុជានៅមិនទាន់ទទួលបានកម្មវិធីប្រកួតច្បាស់លាស់នោះទេ ប៉ុន្ដែអំឡុងបេសកកម្មនេះ កីឡាករ-កីឡាការិនីវ័យក្មេងកម្ពុជា មានភារកិច្ចសិក្សាស្វែងយល់ជាច្រើន តាមការរៀបចំរបស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ ពោលគឺទោះបីបញ្ចប់ការប្រកួតមុន ក៏មិនអាចត្រឡប់មកមាតុភូមិបានដែរ ដោយត្រូវចូលរួមគ្រប់កម្មវិធីរបស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ។

លោកនិយាយថា «អូឡាំពិកយុវជន គឺខុសបន្ដិចពីអូឡាំពិកធំ ព្រោះអូឡាំពិកយុវជន គេផ្ដោតលើការចូលរួម និងដកស្រង់បទពិសោធន៍ជាងការប្រកួតប្រជែង។ ដោយសារកីឡាករ-កីឡាការិនីចូលរួម សុទ្ធសឹងតែជាយុវជន-យុវនារី ដែលជាវ័យមួយត្រូវការសិក្សា ដូច្នេះហើយទើបគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ បានត្រៀមរៀបចំកម្មវិធីជាច្រើនក្នុងការស្នាក់នៅ ដែលតម្រូវយើងពួកយើងនៅទីនោះ ២០ថ្ងៃជាង ដើម្បីសិក្សាស្វែងយល់ផ្សេងៗ ក៏ដូចជាការផ្លាស់ប្ដូរវប្បធម៌ទៅវិញទៅមក នាឱកាសនោះផងដែរ»

តាមគម្រោងព្រឹត្តិការណ៍នេះ នឹងមានអត្តពលិកមកពី ២០៦ប្រទេសលើពិភពលោកចូលរួម ក្នុងនោះក៏មានកីឡាករ-កីឡាការិនីកម្ពុជា ៣នាក់ផងដែរ រួមមានកីឡាករហែល  ប៉ុនណា ពៅពេជ្ជរ៉ា, កីឡាករវាយសី វ៉ាត វ៉ាន់ធុន និងកីឡាការិនីចំបាប់ ស៊ឹម សុភាឡៃ។ បេសកកម្មនេះ គឺគិតចាប់ពីថ្ងៃទី០១ ខែតុលា រហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ខាងមុខ ទើបប្រតិភូ និងកីឡាករ-កីឡាការិនីកម្ពុជា ត្រឡប់មកមាតុភូមិវិញ៕