(ភ្នំពេញ)៖​ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៧ឆ្នាំ ដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុនលោក Musashi Mizushima នឹងត្រូវធ្វើដំណើរទៅចូលរួមការប្រកួតពានរង្វាន់ Japan-Mekong U-17 Football Tournament នៃកម្មវិធី JENESYS 2018 នៅខេត្តហ្វូគូស៊ីម៉ា ប្រទេសជប៉ុន នាថ្ងៃទី០៥-០៨ ខែតុលាខាងមុខ។ នេះបើតាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ការប្រកួតនេះ គឺផ្ដោតលើការផ្លាស់ប្ដូរបណ្ដាញសិស្ស-និស្សិត និងយុវជនរវាងប្រទេសជប៉ុន និងបណ្ដាប្រទេសមេគង្គទាំង ៥ ដែលហៅកាត់ថា JENESYS 2018 ក្នុងនោះមានក្រុមយុវជនចូលរួម ដូចជាកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ហើយតំណាងក្រុមចូលរួមនីមួយៗ ក៏នឹងត្រូវបានអញ្ជើញចូលរួមក្នុងសន្និសីទកំពូលមេគង្គ-ជប៉ុន លើកទី១០ អំឡុងពេលបំពេញបេសកកម្មនៅទីនោះផងដែរ។

បេសកកម្មនេះ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីរបស់កម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមយុវជនមីយ៉ាន់ម៉ា វៀតណាម និងក្រុមម្ចាស់ផ្ទះជប៉ុន ១ក្រុម ខណៈប្រកួតបើកឆាកកម្ពុជា ត្រូវជួបម្ចាស់ផ្ទះជប៉ុនមុនគេ នាថ្ងៃទី០៥ ខែតុលាខាងមុខ។ រីឯពូល A មាន ៥ក្រុម ដូចជាក្រុម Shoshi High School, ក្រុម Bellmare, ក្រុមយុវជនឡាវ និងក្រុមយុវជនថៃ៕