(កូរ៉េ)៖ កាលពីថ្មីនេះៗ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជ​ទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ធ្វើ​ការ​វាយ​តម្លៃ​​ខ្ពស់ថា ក្នុងចំណោម​​ក្រុម​តារា​សម្ដែង​កម្ពុជា​​ដែល​បាន​មក​ច្រៀង​ក៏​ដូច​ជា​សម្ដែង​លើ​ទឹក​ដី​ប្រទេស​​កូរ៉េ​ខាង​ត្បូង ​ក្នុង​អាណត្តិ​របស់​លោក​កាន់​នេះ មាន​តែ​ក្រុម​តារា​ចម្រៀង​លោក​ ព្រាប សុវត្ថិ ​ទេ ​ដែល​មាន​ចំនួន​អ្នក​ទៅ​​ទស្សនា​ច្រើន​ជាង​​គេ ដែលការចូលរួមទស្សនា ពីសំណាក់ បងប្អូននៅកូរ៉េ មាន​រហូត​ដល់​ទៅ ​ជិត២ម៉ឺននាក់​ឯណោះ ដែលនេះជាលើកទីមួយហើយ ដែលមានចំនួនអ្នកចូលទស្សនា ច្រើនសន្ធឹកសន្ធាប់​ ដែល​កន្លង​មក​មិន​ធ្លាប់​មាន​ឡើយ។

ដោយលោក ឡុង ឌីម៉ង់ បាន​ថ្លែង​ប្រាប់ឲ្យដឹង​ថា នៅក្នុងអាណត្តិ​ ដែល​​លោក​បាន​មក​កាន់តំណែង​ជាអគ្គរាជទូត នៅកូរ៉េខាងត្បូង ជាង​២ឆ្នាំ ៤​ខែ​មក​នេះ គឺ​មាន​តារា​ខ្មែរ​មក​សម្ដែង ​ជា​ច្រើន​ក្រុម​ណាស់ ហើយ​មុន​ពេលដែលលោក​មក​កាន់ តំណែង​​នៅ​ទី​នេះ​​ក៏​មាន​ដែរ។ ទន្ទឹមគ្នានេះដែរ លោក ឡុង ឌីម៉ង់​ បានធ្វើការ​រៀប​រាប់​​​ឈ្មោះ​តារា​ចម្រៀង និងតារាសម្ដែង ​​ដែល​ធ្លាប់​មក​សម្ដែង​ នៅក្នុងប្រទេសកូរ៉េ ដែលត្រួសៗ ក្នុង​នោះ​ រួមមាន​ដូច​ជា តារាកំប្លែង នាយ​កុយ, នាយ​ក្រឹម, លោក ខេមរៈ សិរីមន្ត, កញ្ញា ឱក ​សុគន្ធកញ្ញា, អ្នកនាង មាស សុខសោភា, លោក ខេម, លោក ឆន សុវណ្ណរាជ, អ្នកនាង ខាត់ សុឃីម, លោក នេន​ទុំ, ពូឃ្លាំង, លោក ដួង វីរៈសិទ្ធ និងរួមមានតារាល្បីៗ ​ជា​ច្រើនដួង​ទៀត។ ជាក់ស្ដែង ចុង​ក្រោយ​នេះ មាន​ក្រុមចម្រៀង ​លោក ​ព្រាប សុវត្ថិ ដែល​ដឹក​នាំ​ដោយ ឧកញ៉ា ឡេង ណាវ៉ាត់ត្រា មាន​គ្នា​​ជាង​៤០នាក់ រួមមានដូចជា កូន​ទាំង៣​​របស់​លោក បូក​រួម​ទាំង​ប្រពន្ធ​ម្ដាយ ព្រម​ទាំង​ក្រុម​រាំផង​ មាន​គ្នា​ជាង​២០នាក់ នៅ​មាន​លោក ឆាយ វិរៈយុទ្ធ​ និង​ក្រុម​រាំ កញ្ញា ពេជ្រ សោភា និងក្រុម​​រាំ ​កញ្ញា រ៉ា ប៊ី និង​ក្រុម​រាំ លោក ប៉ែន ចំរ៉ុង នាយ​ ពែក​មី និង លោក គុយ លី ជា​ដើម ដែល​ទើប​បញ្ចប់ការ​សម្ដែង​កាល​ពី​ពេល​ថ្មីៗ​នេះផងដែរ​។​

ដោយឡែក ជុំ​វិញ​ចំនួន​អ្នក​មក​គាំទ្រ ក៏ដូចជាចូលរួមទស្សនា​ ឯកអគ្គរាជ​ទូត​ដដែល បាន​បែង​ចែកកម្មវិធី​ជា២ដាច់​ពី​គ្នា ក្នុងនោះ កម្មវិធី​​​ថ្នាក់​ជាតិ​ទូត​អ្នក​រៀបចំ​ និង​កម្មវិធី​ក្រុមហ៊ុន​ឯកជន​ ​ឬ​សមាគម​អ្នក​រៀប​ចំ។ លោកបានថ្លែងបន្តថា កន្លង​មក​ទូត​ខ្មែរ ​នៅ​កូរ៉េ​ធ្លាប់​បាន​រៀប​ចំ ​ធ្វើ​មហា​សង្ក្រាន្ត​២ឆ្នាំ​ជាប់​គ្នា​ក្នុង​នោះ​មាន​បង​ប្អូន​ខ្មែរ ​នៅ​ទៅ​នោះ​ មក​ទស្សនា​មាន​ចន្លោះ​១៣ ០០០​ ទៅ​ ១៥ ០០០​នាក់ ដែល​ចំនួន​នោះ ​គឺ​លើស​ក្រុមហ៊ុន​ឯកជន​ធ្លាប់​ធ្វើ​កន្លង​មក ត្បិត​អី​កម្មវិធី​មាន​សម្បូរ​បែប ទាក់​ទង​វប្បធម៌​សិល្បៈ​ច្រើន​ទម្រង់ ដែល​​ខ្មែរ​នៅ​ទី​នេះ​ចង់​ឃើញ​។ ​ចំពោះ​ក្រុម​ហ៊ុន​ឯកជន​អ្នក​រៀប​ចំ​​វិញ ឯកអគ្គរាជទូតរូបនេះ​ថ្លែង​ថា កន្លង​មក​មាន​តារា​ច្រើន ​ក្រុម​ណាស់​បាន​មក​រៀបចំ​ការ​ប្រគំតន្ត្រី​ជា​បន្តបន្ទាប់ ប៉ុន្តែ​បើ​ប្រៀបធៀប​ លើ​ការគាំទ្រ​វិញ លោក​សូម​វាយ​តម្លៃ​ដោយ​​ខ្លី​ថា ក្រុម​លោក ព្រាប សុវត្ថិ មាន​​អ្នក​មក​ទស្សនា​ច្រើន​ខ្លាំងលើស ​ក្រុម​ផ្សេង​ៗ​ទៀត។

លោក ឌី យ៉ាម៉ង់ បាន​លើក​ឡើងបន្ត​ថា កម្មវិធី​​ប្រគំតន្ត្រី​ដែល​សិល្បករខ្មែរ ​តែងតែមក​ធ្វើ​​នៅ​ប្រទេស​កូរ៉េ​ភាគ​ច្រើន គឺ​ធ្វើ​នៅ​រដូវ​​បុណ្យ​ភ្ជុំបិណ្ឌ ចូល​ឆ្នាំ និងបុណ្យ​ធំ របស់​កូរ៉េ ហើយ​ទីតាំង​ដែល​ធ្វើ​នោះ​គឺ​នៅ​ភាគ​ខាង​ជើង និង​ភាគ​ខាង​ត្បូង​ទី​ក្រុង​សេអ៊ូល។ សម្រាប់​ភាគ​ខាង​ជើង​អាច​មាន​អ្នក​ទស្សនា​ចន្លោះ ​ពី​៨ពាន់​នាក់​ទៅ​ជាង​១ម៉ឺន​នាក់ ចំណែក​ភាគ​ខាង​ត្បូង​វិញ មាន​ចន្លោះ​៣ទៅ៥នាក់៕