(ភ្នំពេញ)៖ ពិតជារឿងមួយដ៏គួរឲ្យតក់ស្លុត ខណៈថ្មីៗនេះ តារាចមៀងប្រុសល្បី​ឈ្មោះ លោក ខេមរៈ សិរីមន្ត បានបង្ហាញសារប្រាប់មហាជនឲ្យដឹងពីស្ថានភាព​ របស់តារា​ចម្រៀងស្រី ​កញ្ញា​ ខេមរៈ ស្រីពៅ ​ជាប្អូនស្រីថា ស្ថានភាពជំងឺរបស់តារាចម្រៀងស្រីរូបនេះ កាន់​តែធ្ងន់ធ្ងរ និង​ត្រៀម​​បញ្ជូនទៅ​វះកាត់ ក្នុងពេលឆាប់ៗ​ខាងមុខ ដែលដំណឹងនេះបានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រនាងផ្ទាល់មានការព្រួយបារម្មណ៏ជាខ្លាំង​។

ជាក់ស្ដែង យោងតាមគណនីហ្វេសប៊ុក របស់​លោក ​ខេមរៈ សិរីមន្ត ​​បង្ហោះនូវរូបថតមួយសន្លឹក របស់​កញ្ញា ខេមរៈ ស្រីពៅ ព្រមទាំងសរសេររៀបរាប់​ថា «​​ជា​ច្រើន​ឆ្នាំមកនេះ ប្អូនស្រីដ៏កំស​ត់ម្នាក់នេះ​មិន​ដែល​ចង់ឃើញ Fan​ ដែលគាំទ្រគាត់​ពិបាកចិត្ត ព្រោះ​តែ​ស្ថានភាព​ជំងឺរបស់គាត់​ឡើយ ​​គាត់​ចង់ឃើញ​ Fan​ គាត់ រីករាយ​គ្រប់ពេល​វេលា...​តែ​ក្នុង​នាម​ខ្ញុំជា​បងប្រុស​របស់គាត់​ ចង់ប្រាប់​បងប្អូន​ទាំងអស់គ្នាថា ​នៅពេល​ខាងមុខនេះគាត់​ត្រូវឆ្លង​កាត់ការវះ​កាត់ ដ៏​គ្រោះថ្នាក់​មួយ...ខ្ញុំ​ជាបងប្រុស​ជូនពរ​ប្អូន​ឲ្យ​ឆ្លង​ផុត​ពេល​វេលាដ៏លំបាកនេះ​ បើ​បងប្អូនស្រឡាញ់​នឹងគាំទ្រគាត់​ ជូនពរ​គាត់ឲ្យ​ឆ្លង​ផុតគ្រោះ​នេះ​ផង ​ដើម្បី​គាត់​មាន​សុខភាពល្អ​ មក​បំពេញ​ការងារ​សិល្បៈ​វិញ​ណា​»

តារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហាញឲ្យដឹងទៀតថា តារាចម្រៀង ខេមរៈ ស្រីពៅ នឹងត្រូវទទួលការវះកាត់ ដ៏គ្រោះថ្នាក់​ក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែទោះជាយ៉ាងណាក្ដី លោក មិនបានបង្ហើបប្រាប់ឲ្យដឹងពី​ប្រភេទជំងឺ របស់ខេមរៈ ស្រីពៅ ដែលត្រូវជាប្អូនស្រី បង្កើតរបស់ខ្លួននោះទេ ​ពោលគឺលោកបានត្រឹមតែបង្ហើប ប្រាប់ពីស្ថានភាពជំងឺរបស់នាងតែប៉ុណ្ណោះ​។

គួររំឭកផងដែរថា កាលពីថ្មីៗកន្លងទៅនេះ ​តារា​ចម្រៀងស្រីដែលធ្លាប់ ទទួលបានការគាំទ្រខ្លាំង​ កញ្ញា ខេមរៈ ស្រីពៅ បាន​ប្រកាស​ប្រាប់​មហា​ជន​​​ នៅ​ទំព័រ​​ហ្វេស​ប៊ុក​របស់ខ្លួនថា ​នាងនឹង​វិល​ចូល​ប្រឡូក ​ក្នុង​វិស័យ​សិល្បៈ​ជាថ្មី ​ក្រោយ​ពី​បាត់​មុខ​​អស់​រយៈ​ពេល​ជាង៣​​ឆ្នាំមកនេះ។ តែមិនបញ្ជាក់ថា នាងមានជំងឺនៅជាប់ខ្លួននោះទេ ទើបតែថ្មីៗនេះ នាងត្រូវបាន​លោក ខេមរៈ សិរីមន្ត ទម្លាយឲ្យដឹងថា នាងមានជំងឺជាប់ខ្លួន ដែលត្រូវវះកាត់ ហើយអាចប្រឈមមុខនឹងគ្រោះថ្នាក់ថែមទៀតផង​៕