(ភ្នំពេញ)៖ កីឡាករ ឈុន សុធារ័ត្ន ខ្សែបម្រើដ៏សំខាន់របស់ក្រុមបឹងកេតអែហ្វស៊ី បានប្រកាសចូលនិវត្តន៍ជាកីឡាករហើយ បន្ទាប់ពីប្រឡូកអាជីពលើវាលស្មៅហាលក្ដៅ ហាលភ្លៀងអស់រយៈពេលជាង ១០ឆ្នាំកន្លងទៅ។ ការប្រកាសព្យួrស្បែកជើងជាកីឡាករនេះ បានធ្វើឡើងក្នុងជំនួបបិទលីគកំពូលកម្ពុជា រវាងក្រុម បឹងកេត និងក្រុមភ្នំពេញក្រោន លើទីលានពហុកីឡដ្ឋានជាតិ កាលពីយប់មិញ ខណៈបឹងកេត ចាញ់ក្រុមភ្ញៀវ ២-១។

គួរបញ្ជាក់ថា ម្ចាស់អាវលេខ១៦ នេះ បានផ្លាស់មកលេងឲ្យក្រុមបឹងកេត កាលពីឆ្នាំ២០១៣ ក្រោយលេងឲ្យក្រុមបៀលប្រាយយូណាយធីតអស់រយៈពេល ៧ឆ្នាំ បើគិតតាំងពីឆ្នាំ២០០៧ មក។

ក្រោយផ្លាស់មកក្លឹបមានប្រភពពីខេត្តកំពង់ចាម សុធារ័ត្ន បានរួមចំណែកកសាងសមិទ្ធផលល្អៗជាច្រើនជាមួយបឹងកេត ទោះបីមិនសូវមានកេរ្ដិ៍ឈ្មោះល្បីដូចមិត្តរួមក្រុមមួយចំនួនក៏ដោយ ពិសេសគឺគេធ្លាប់ជួយបឹងកេតលើកពានលីគកំពូលកម្ពុជា ២លើកកាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ និងជួយក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រពាន Mekong Club Championship 2015 ទៀតផង។

ប៉ុន្ដែបើទោះបី សុធារ័ត្ន បានប្រកាសចូលនិវត្ដន៍ពីទីលានប្រកួតក៏ពិតមែន ប៉ុន្ដែគេបានបញ្ជាក់ថា ខ្លួនមិនទៅណាឆ្ងាយពីបាល់ទាត់នោះទេ ពោលគឺគេនឹងព្យាយាមពង្រឹងចំណេះដឹង ដើម្បីបំពេញការងារជាគ្រូជំនួយរបស់គ្រូបង្គោលក្លឹបបឹងកេតបន្ដ។ យ៉ាងណាមិញក្លឹបបឹងកេត ក៏បានថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករចាស់វស្សារូបនេះ ដែលបានខិតខំប្រឹងប្រែងជួយក្លឹបក្នុងនាមជាកីឡាករនាពេលកន្លងមកផងដែរ៕