(ភ្នំពេញ)៖ ប្រតិភូ និងអត្តពលិកកីឡាជនពិការកម្ពុជាចំនួន ៦ប្រទេសកីឡា ស្មើនឹងកីឡាករ-កីឡាការិនី ៤៥នាក់ នៅថ្ងៃចន្ទនេះ បានធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ីហើយ ដើម្បីចូលរួមប្រកួតកីឡាជនពិការអាស៊ី ឬ Asian Para Games ឆ្នាំ២០១៨ ដែលគ្រោងចាប់ផ្ដើមពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែតុលាខាងមុខ។

សម្រាប់បេសកកម្មផ្នែកកីឡាជនពិការនេះដែរ គេឃើញមានថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាជាច្រើន ទៅជូនដំណើរដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ រួមមានលោក ស សុខា រដ្ឋលេខាធិការ, លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ និងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា រួមទាំងបងប្អូន និងអាណាព្យាបាលរបស់កីឡាករ-កីឡាការិនីជនពិការជម្រើសជាតិកម្ពុជាផងដែរ។

ជាមួយគ្នានោះលោក ស សុខា បានថ្លែងលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់បងប្អូនកីឡាករ-កីឡាការិនីជនពិការកម្ពុជា ហើយលោកបានចាត់ទុកពួកគេ គឺជាគ្រួសាររួម និងលើកទឹកចិត្តដូចកីឡាមិនមែនជនពិការដែរ។ លោកសង្កត់ធ្ងន់ថា វាមិនមែនជារឿងដាច់ដោយឡែកនោះទេ ពោលគឺកីឡាជនពិការ ត្រូវបានយកចិត្តទុកដាក់ដូចកីឡាធម្មតា ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានយកចិត្តទុកដាក់ជាខ្លាំងដែរ។

ទន្ទឹមគ្នានោះ ក្នុងនាមជារដ្ឋលេខាធិការក្រសួងអប់រំ អាណត្តិទី៦ លោកបានប្ដេជ្ញានឹងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងគៀងគរការចូលរួមកីឡាជនពិការឲ្យបានកាន់តែច្រើន ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ពិសេសដំណើរឆ្ពោះទៅត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ក៏ដូចជាកីឡាអាស៊ានប៉ារ៉ាហ្គេម នាឆ្នាំ២០២៣។ មិនតែប៉ុណ្ណោះ លោកក៏រំពឹងយ៉ាងមុតមាំថា អត្តពលិកកីឡាជនពិការកម្ពុជា នឹងដណ្ដើមបានមេដាយពីការប្រកួតកីឡា Asian Para Games ឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ីលើកនេះផងដែរ។

គួរបញ្ជាក់ថា បេសកកម្មលើកនេះ កម្ពុជាបានបញ្ជូនកីឡាជនពិការ ៦ប្រទេសទៅចូលរួម ដូចជាកីឡាអត្តពលកម្ម ហែលទឹក បាញ់ធ្នូ ប៊ូលីង បាល់បោះរទេះ និងកីឡាវាយកូនឃ្លីលើតុ ហើយថ្នាក់ដឹកនាំគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក៏រំពឹងថា អត្តពលិកកីឡាជនពិការកម្ពុជា នឹងធ្វើបានល្អ និងសង្ឃឹមឈ្នះមេដាយពីព្រឹត្តិការណ៍ប្រចាំទ្វីបរយៈពេល ៤ឆ្នាំម្ដងនេះផងដែរ៕