(ភ្នំពេញ)៖ ការប្រកួតដើម្បីបញ្ចប់កិច្ចនៃពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំឆ្នាំ២០១៨ ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមវិសាខា ក្នុងលទ្ធផល ៥-៤ នៅក្នុងទឹកដីនៃកីឡដ្ឋាន ខេត្តស្វាយរៀង នាថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា កាលពីមិ្សលមិញនេះ។

សម្រាប់ការប្រកួតរវាងក្រុមទាំង២ ចូលដល់តង់ទី១ មិនទាន់បានក្តៅសាច់ផង ក្រុមព្រះខ័នរាជស្វាយរៀងដោយកីឡាករ ណុប តុលា ពាក់លេខ៩ បានទាត់បញ្ចូលទី២គ្រាប់ម្នាក់ឯង នៅនាទីទី៤ និងនាទី១៧ និងនាទី១២ កីឡាកររបស់ក្រុមចំណូលថ្មីវិសាខា តាមបាន១គ្រាប់វិញ និងទាត់បញ្ចូលទីដោយកីឡាករ កែវ សុខផេង ពាក់លេខ៦៨ បន្ទាប់ពីកីឡាករ ហួយ ផល្លីន ពាក់លេខ១១ របស់ស្វាយរៀង បានបន្ថែម៣គ្រាប់ម្នាក់ឯងទៀត នៅនាទីទី២៤ នាទីទី២៨ និងនាទីទី៤៣ និងចូលដល់តង់ទី២ វិសាខា បានវាយបក ៣គ្រាប់វិញ និងគ្រាប់ទី២ដោយកីឡាករ ងយ ស្រ៊ីន ពាក់លេខ៦ ទាត់បញ្ចូលទីនៅនាទី៥០ និងគ្រាប់ទី៣ ដោយកីឡាករ MYONG HO CHEO ពាក់លេខ១០ ទាត់ចូលនៅនាទីទី៦៧ ខណៈចុងម៉ោងកីឡាករ សាន គីមហេង ពាក់លេខ១៥ បានបន្ថែមគ្រាប់ទី៤ នៅនាទីទី៩០។

ស្វាយរៀង ក្នុងសប្តាហទី២១ កន្លងទៅ បានយកឈ្នះក្រសួងការពារជាតិ ១-០ ក្នុងទឹកដីនៃមជ្ឈមណ្ឌលហ្វឹកហ្វឹនកីឡា (ស្តាតចាស់) នាថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ហើយឆ្លងកាត់២២ប្រកួត ឈ្នះ១០ដង ស្មើ៣ដង និងចាញ់៩ដង។

ចំណែក្រុមចំណូលថ្មីវិសាខាវិញ ក្នុងសប្តាហ៍ទី២១ បានចាញ់ណាហ្គាវើល ២-១ នៅស្តាតចាស់នាថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ដោយឆ្លងកាត់២២ប្រកួតដូចគ្នា ឈ្នះ១៤ដង ស្មើ៣ដង និងចាញ់៥ដង។

សូមបញ្ជាក់ផងដែរថា ការប្រកួតវគ្គសន្សំពិន្ទុនៃពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៨ ត្រូវបានបញ្ចប់ ដោយក្រុម ព្រះខ័នរាជស្វាយរៀង បានរក្សានៅចំណាត់ថ្នាក់លេខ៦ និងមាន៣៣ពិន្ទុ ដែលបានយកឈ្នះវិសាខា ដែលឈរនៅចំណាត់ថ្នាក់លេខ៣ និងមាន៤៥ពិន្ទុ៕