(ភ្នំពេញ)៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន បានប្រកាសដល់សាធារណជន ពិសេសអ្នកគាំទ្រខ្លួនថា ក្លឹបបានសម្រេចចែកផ្លូវជាមួយគ្រូបង្គោលក្រុមធំ គឺលោក Sean Sainbury ផ្លូវការហើយ បន្ទាប់ពីបុរសជនជាតិអង់គ្លេសរូបនេះ បានដឹកនាំពេញ១រដូវកាលក្នុងឆ្នាំ២០១៨ ទាំងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា។

គួរបញ្ជាក់ថា អស់រយៈពេល១រដូវកាល ដែលលោក  Sean Sainbury ប្រកបអាជីពជាគ្រូបង្វឹកនៅកម្ពុជា លោកបានដឹកនាំក្រុមភ្នំពេញក្រោនប្រកួតផ្លូវការសរុប ៣១ប្រកួត ក្នុងនោះឈ្នះ១៧ ស្មើ៣ និងចាញ់១១ ពោលគឺជួយអតីតក្រុមជើងឯក ៦សម័យកាលនេះឈរចំណាត់ថ្នាក់លេខ៥ ក្នុងលីគកំពូលកម្ពុជា និងធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន។

ប៉ុន្ដែយ៉ាងណា ក្លឹបមានប្រវត្តិជោគជ័យជាងគេក្នុងលីគកំពូលកម្ពុជានេះ នៅមិនទាន់ប្រកាសពីសមាសភាពគ្រូបង្វឹកថ្មីនោះទេ តែបើតាមគម្រោងក្លឹបគ្រោងនឹងធ្វើសន្និសីទបង្ហាញគ្រូបង្វឹកថ្មីក្នុងពេលឆាប់ៗខាងមុខ ដើម្បីត្រៀមការប្រកួតផ្សេងៗ ពិសេសគឺការត្រៀមរដូវកាលថ្មី ទាំងលីគ និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ឆ្នាំ២០១៩ ខាងមុខតែម្ដង៕