(ភ្នំពេញ)៖ គុនខ្មែរកីឡាករ ពេជ្រ ម្ទេសខ្មាំង ឈ្នះកីឡាករមីយ៉ាន់ម៉ា Mite Yine ដោយពិន្ទុ ខណៈកីឡាករ រឿង សោភ័ណ្ឌ បានចាញ់កីឡាករម្ចាស់ផ្ទះ Yan Naing Tun ដោយលោកអាជ្ញាកណ្ដាលបានបញ្ឈប់ការប្រកួតក្នុងទឹកទី៤ ក្នុងកម្មវិធី World Lethwei Championship នាថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នាសង្វៀន WLC: Heartless Tiger នៅក្នុងបរិវេណ Thunwunna Stadium ទីក្រុងយ៉ាហ្គន ប្រទេសមីយ៉ានម៉ា។

ពេជ្រ ម្ទេសខ្មាំង ពិតជាធ្វើបានល្អណាស់ក្នុងការប្រកួតនោះ ដោយបានព្យាយាមវាយសម្រុកទៅដៃគូប្រកួត Mite Yine  បែកឈាមលើផ្ទៃមុខ។ តាមរយៈបទពិសោធន៍ការប្រកួតកន្លងមក ម្ទេសខ្មាំង នៅតែធ្វើបានល្អទាំងស្មារតី និងការចេញប្រយុទ្ធមួយៗក៏បានធ្វើឲ្យគូប្រជែងរហូតធ្វើឲ្យមានស្នាមរបួសថែមទៀតផងក្នុងលទ្ធផលឈ្នះដោយពិន្ទុ។

ងាកមកមើល រឿង សោភ័ណ្ឌ វិញដែលបានចាញ់ដៃគូ Yan Naing Tun ដោយលោកអាជ្ញាកណ្ដាលបានបញ្ឈប់ក្នុងទឹកទី៤ ក្រោយមើលឃើញថា សោភ័ណ្ឌ ហាក់មិនអាចមានកម្លាំងប្រកួតបន្តបាន ផ្ទុយទៅវិញក៏ត្រូវដៃគូវាយឱ្យអាជ្ញាកណ្ដាលរាប់ថែមទៀតផង ដោយបន្សល់ទុក សោភ័ណ្ឌ មិនអស់ចិត្តឡើយ។

ក្នុងការប្រកួតនោះដែរ សោភ័ណ្ឌ ហាក់ធ្វើបានល្អជាងទាំងការទាត់ធ្ងន់រួមនឹងកណ្ដាប់ដៃវាយចំគោលដៅបានច្រើន សឹងតែធ្វើឲ្យ Yan Naing Tun ចាញ់ទៅហើយ ប៉ុន្តែចុងក្រោយបែរជាត្រូវដៃគូវាយចំមុខផ្ទួនៗវិញ បើទោះបីជា សោភ័ណ្ឌ ប្រឹងវាយសម្រុកតាំងពីដើមទឹកមកក្តី។

បញ្ជាក់ផងដែរថា នេះជាការប្រកួតលើកដំបូងក្នុងទឹកដីប្រទេសមីយ៉ាន់ម៉ា សម្រាប់កីឡាករ ពេជ្រ ម្ទេសខ្មាំង និង រឿង សោភ័ណ្ឌ ក្នុងកម្មវិធី World Lethwei Championship ឆ្នាំ២០១៨ បន្ទាប់ពីកីឡាការិនីកម្ពុជា នៅ ស្រីពៅ ក៏ធ្លាប់បានឈ្នះក្នុងកម្មវិធីនេះផងដែរ៕