(មេនឆេស្ទើ)៖ លោក Sir Alex Ferguson អតីតអ្នកចាត់ការក្លឹបបិសាចក្រហម Manchester United ធ្លាប់បានរំលឹកដល់ក្លឹបថា កុំឲ្យនាំយកកីឡាករសញ្ជាតិបារាំង Paul Pogba ត្រឡប់មកចូលរួមជាមួយក្លឹបវិញ បន្ទាប់ពីកីឡាកររូបនេះបានបង្ហាញភាពមិនត្រឹមត្រូវនាពេលកន្លងមក ចាប់តាំងពីរូបគេបានលេងជាមួយក្លឹបថ្ងៃដំបូងមកម្ល៉េះ។

Pogba បានបរាជ័យក្នុងការបង្ហាញទម្រង់លេងដ៏ល្អមួយសម្រាប់ Man Utd ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ Jose Mourinho ចាប់តាំងទិញពីក្លឹបសេះបង្កង់ Juventus របស់ប្រទេសអីតាលីឆ្នាំ២០១៦ វិញមក ហើយដល់ពេលនេះត្រូវគេជឿថា កីឡាកររូបនេះប្រាកដជាចាកចេញពី Man Utd ជាពិសេស ក្រោយមានរឿងមិនចប់ជាមួយគ្រូបង្វឹក Mourinho។

លោក Ferguson បាននិយាយថា «Pogba បានលួចចុះកិច្ចសន្យាស្ងាត់ៗជាមួយ Juventus ក្នុងខណៈកំពុងលេងឲ្យ បិសាចក្រហម។ វាជារឿងគួរឲ្យសោកស្តាយមួយដែរ ដែលគេមិនបានបង្ហាញពីការគោរពបន្តិចសោះចំពោះពួកយើង»

សូមរំលឹកដែរថា កីឡាករខ្សែបម្រើប្រយុទ្ធ វ័យ២៥ឆ្នាំ Pogba បានចាកចេញពីកីឡដ្ឋាន Old Trafford ពោរពេញដោយភាពចម្រូងចម្រាសកាលពីឆ្នាំ២០១២។

ក្នុងរដូវកាលថ្មីនេះ Pogba បានបង្ហាញខ្លួន ៧ប្រកួតគ្រប់យុទ្ធនាការរបស់ Man Utd ដោយរកបាន ២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន ១គ្រាប់ ក្នុងខណៈបិសាចក្រហមបានកំពុងឈរនៅលេខរៀងទី១០ បណ្តោះអាសន្ននៃ Premier League ដោយមាន ១០ពិន្ទុ ដោយចាញ់ម្ចាស់ផ្ទះ West Ham United ៣-១ កាលពីសប្តាហ៍ទី៧៕