(ម៉ាឌ្រីដ)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Gareth Bale នឹងត្រូវអវត្តមានក្នុងការប្រកួតសំខាន់ UEFA Champions League របស់ក្រុមការពារជើងឯក Real Madrid ទល់នឹង CSKA Moscow របស់រុស្ស៊ីរាត្រីស្អែកនេះ ដោយសារ បញ្ហារបួសភ្លៅ (Thigh)។

កីឡាករប្រធានក្រុមជម្រើសជាតិវ៉េល Bale បានក្លាយជាតួអង្គសំខាន់ ក្រោយការចេញរបស់ Cristiano Ronaldo និង រកគ្រាប់ស៊ុតបញ្ចូលទីបាន ៤គ្រាប់នៅរដូវកាលថ្មីឆ្នាំ២០១៨-២០១៩ ដែលត្រូវបានប្តូរចេញនៅពាក់កណ្តាលតង់ទី១ ក្នុងប្រកួតទល់នឹងទល់នឹង Atletico Madrid កាលពីសប្តាហ៍មុននៅ La Liga ក្នុងលទ្ធផលស្មើ ០-០ ស្របពេលប្រធានក្រុម Sergio Ramos, ខ្សែការពារ Marcelo និងខ្សែបម្រើ Isco ក៏អវត្តមានពីក្រុមដូចគ្នា។

Real Madrid រកបាន៣ពិន្ទុកាលថ្ងៃបើកឆាក UEFA Champions League ក្រោយបំបាក់ក្រុមរបស់អ៊ីតាលី ៣-០ នៃវគ្គសន្សំពិន្ទុនៃពូល G៕