(មេឆេស្ទើ)៖ ក្រុមការពារតំណែងជើងឯក Manchester City រកបាន ៣ពិន្ទុឡើងឈរលើកំពូលតារាង ក្រោយឈ្នះ ក្រុមភ្ញៀវ Brighton ២-០ ក្នុងកីឡដ្ឋាន Etihad Stadium ក្នុងសប្តាហ៍ទី៧ នៃលីគកំពូលអង់គ្លេស Premier League រដូវកាលឆ្នាំ២០១៨-១៩ ខណៈ Chelsea និង Liverpool រកបានត្រឹម ១ពិន្ទុ បន្ទាប់ពីស្មើគ្នា ១-១។

កីឡាករខ្សែបម្រើប្រយុទ្ធ Raheem Sterling រកបានគ្រាប់ទី១ នៅទីទី២៩ ដោយការបញ្ជូនបាល់ពីមិត្តរួមក្រុម Leroy Sane មុនពេល Sergio Aguero រកបានគ្រាប់ទី២ នៅនាទីទី៦៥ ដែលជាការបញ្ជូនបាល់ទី Sterling វិញម្តង។

ចំណែកការប្រកួតរវាងតោខៀវ Chelsea គ្រាប់បាល់នាំមុខធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធ Eden Hazard នាទីទី៤៥ មុនពេលកីឡាករអង់គ្លេស Sturridge រកគ្រាប់តាមស្មើវិញនៅនាទីទី៨៩។

គិតត្រឹមការប្រកួតសប្តាហ៍ទី៧ ជើងទី១ នៃ Primer League មេឃខៀវ Man City បានឡើងមកឈរលើកំពូលតារាងងបណ្តោះអាសន្ន ដោយមាន ១៩ពិន្ទុស្មើគ្នាជាមួយក្លឹប Liverpool  ដែលធ្លាក់ទៅឈរលេខ២ និង Chelsea មាន ១៧ពិន្ទុឈរនៅលេខរៀងទី៣វិញ៕