(ភ្នំពេញ)៖ អ្នកនាង ស៊ិន ឧត្តមផល្លា ដោយមើលឃើញ ការមិនពេញចិត្ត ចំពោះទង្វើរិះគន់ ពីសំណាក់បុគ្គលមួយចំនួន ដែលតែងលើកនិយាយពីរឿង ស្លៀកពាក់សិចស៊ី ធ្វើជាប្រធានបទវាយប្រហារ ទៅលើតារាជាច្រើន ឃើញដូចនេះហើយ នាងក៏បានបញ្ចេញ សារ ដែលមានអត្ថន័យយ៉ាង ជ្រាលជ្រៅទៀតផង។

ដោយយោងតាមគណនីហ្វេសប៊ុក ផ្លូវការរបស់អ្នកស្រី ស៊ិន ឧត្តមផល្លា បានសរសេរសាររៀបរាប់ យ៉ាងដូច្នេះថា «ឱ! ប្រទេសកម្ពុជារបស់ខ្ញុំអើយ កាលណាបានជឿនលឿន ដូចប្រទេសគេទៅ? អ្នកនិយមស្លៀកពាក់ បែបសុភាពរាបសារ ក៏សុភាពរាបសារ ទៅតាមបែបផែនរបស់ពួកគាត់ទៅ អ្នកនិយមស្លៀកពាក់បែបសិចស៊ី ក៏តាមបែបផែន របស់ពួកគាត់ ដែលនិយមទៅ សំខាន់គេចេះស្លៀកពាក់ ទៅតាមពេលវេលា កាលៈទេសៈស្ថានភាព និងទីកន្លែងដែលគួរស្លៀកពាក់ រឺមិនគួរ ហេតុអីក៏ប្រទេសមួយនេះ ហាក់ដូចជាកៀបសង្កត់ ផ្លូវចិត្តរបស់មនុស្សគ្រប់គ្នាខ្លាំងម្លេស? រកតែគេធ្វើអ្វី ទៅតាមចិត្តគេមិនបាន ! តើមានអារម្មណ៍ថា ខ្លោចចិត្តទេ ដែលកើតនៅលើប្រទេសមួយនេះ?»

ទន្ទឹមគ្នានេះដែរ អ្នកស្រី ស៊ិន ឧត្តមផល្លា បានធ្វើការបញ្ជាក់ថា ការបង្ហោះសារមួយនេះ គឺនាងមិនបានចង់ល្បីនោះទេ គឺគ្រាន់តែ វាជាអារម្មណ៍ពិតរបស់ អ្នកស្រី តែប៉ុណ្ណោះ មិនបានចង់ក្លាយខ្លួនជាជន ល្បីនោះទេ។

គួរបញ្ជាក់ថា ការបង្ហោះសារបែបនេះ ពីសំណាក់ អ្នកនាង ស៊ិន ឧត្តមផល្លា គឺស្របពេលដែល មានមហាជនមួយចំនួន ចូលចិត្តធ្វើការរិះគន់ ទៅលើតារាចម្រៀង និងតារាសម្ដែង ដែលនិយមស្លៀកពាក់ សិចស៊ី ជាពិសេសនោះ គឺស្របពេលដែល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់ពិន័យ ក៏ដូចជាព្រមានលើតារាសិចស៊ីជាច្រើនដួងផងដែរ៕