(ភ្នំពេញ)៖ កីឡាករ ប៊ុណ្ណា ពៅពេជ្ជរ៉ា បានត្រៀមខ្លួនជាសម្រេច ដើម្បីចូលរួមប្រកួតកីឡាអូឡាំពិកយុវជន នៅប្រទេស អាហ្សង់ទីន នាខែតុលាខាងមុខ ហើយគេក៏បានសម្ដែងនូវការសប្បាយចិត្ត ចំពោះការទទួលបានឱកាសចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កម្រិតពិភពលោកនេះផងដែរ ទោះបីខ្លួនមិនសង្ឃឹមឈ្នះមេដាយក៏ដោយ។

លោក ហែមថុន ពន្លឺ គ្រូបង្វឹកក្រុមកីឡាហែលទឹកថ្នាលជម្រើសជាតិកម្ពុជាបានឲ្យដឹងកាលពីថ្មីៗថា មិនថាលោក ឬយុវជន ប៉ុណ្ណា ពៅពេជ្ជរ៉ា គឺសុទ្ធតែត្រេកអរដូចគ្នា ចំពោះការចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកយុវជន ឆ្នាំ២០១៨។ លោកថា បេសកកម្មនេះ វាពិបាកក្នុងការដាក់ក្ដីរំពឹងឈ្នះមេដាយ ប៉ុន្ដែវាគឺជាឱកាសដ៏ល្អ សម្រាប់ថ្នាលហែលទឹកកម្ពុជា ដើម្បីដកស្រង់បទពិសោធន៍ និងពង្រឹងសមត្ថភាពត្រៀមការប្រកួតកម្រិតតំបន់ និងដណ្ដើមមេដាយជូនជាតិ។

គ្រូបង្វឹកធ្លាប់ជាកីឡាករជម្រើសជាតិកម្ពុជា ហើយធ្លាប់បានចូលរួមក្នុងព្រឹត្តិការណ៍ខាងលើដដែលបន្ដថា ការប្រកួតនេះ គឺកម្រិតពិភពលោក មានប្រទេសចូលរួមជាង ២០០ប្រទេសឯណោះ ហើយកីឡាករ-កីឡាការិនីចូលរួម សុទ្ធតែមាន កម្រិតខ្ពស់ខុសពីកម្ពុជា ចូលរួមក្នុងនាមទទួលបានសិទ្ធិអនុគ្រោះពីគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC)។ ដូច្នេះ ឱកាសឈ្នះមេដាយមានតិចតួចបំផុត ប៉ុន្ដែលោកសង្ឃឹមថា ពៅពេជ្ជរ៉ា នឹងទទួលបានបទពិសោធន៍ដ៏ល្អ ដើម្បីអភិវឌ្ឍន៍ខ្លួននាពេលអនាគត។

ទន្ទឹមជាមួយកីឡាករវ័យក្មេង ប៉ុណ្ណា ពៅពេជ្ជរ៉ា បានធ្វើការប្ដេជ្ញាចិត្ត  ទោះបីជាយ៉ាងណាខ្លួននឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកលទ្ធផលដ៏ល្អមួយជូនជាតិ ហើយគេនឹងយកឱកាសមាស ឱកាសប្រាក់នេះ ដកស្រង់បច្ចេកទេស និងបទពិសោធន៍ពីកីឡាករល្បីៗ ដើម្បីដុះខាត់សមត្ថភាពខ្លួនឲ្យកាន់តែខ្លាំង ដើម្បីត្រៀមការប្រកួតកម្រិតតំបន់ និងអន្ដរជាតិនាពេលអនាគត ពិសេសគឺការសម្រួចសមត្ថភាពឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផ្ទាល់តែម្ដង។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកយុវជន ដែលអាហ្សង់ទីនទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះនេះ នឹងចាប់ផ្ដើមពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២១ ខែតុលាខាងមុខ ដោយមានអត្តពលិកប្រមាណជិត ៤០០នាក់មកពី ២០៥ប្រទេសចូលរួម ក្នុងនោះក៏មានវត្តមានកីឡាករកម្ពុជា ៣នាក់លើ ៣ប្រភេទកីឡា ដែលទទួលបានសិទ្ធិអនុគ្រោះ ដើម្បីចូលរួមផងដែរ រួមមានកីឡាករហែលទឹក ប៉ុណ្ណា ពៅពេជ្ជរ៉ា, កីឡាការិនីចំបាប់ ស៊ឹម សុភាឡៃ និងកីឡាករវាយសី វ៉ាត់ វណ្ណធួន ដែលត្រូវចេញដំណើរពីមាតុភូមិនាថ្ងៃចន្ទដើមសប្ដាហ៍ក្រោយ៕