(ក្រុងឡុងដ៍)៖ កីឡាករលេងក្នុងតំណែងខ្សែបម្រើប្រយុទ្ធ Dele Alli នឹងមិនអាចជួយក្រុមមាន់ខ្នាយមាស Tottenham Hotspur ពេលស្វាគមន៍ក្រុមភ្ញៀវមកពីអេស្ប៉ាញ FC Barcelona បានទេដើមសប្តាហ៍ក្រោយនេះ ក្នុងព្រឹត្តិការណ៍ UEFA Champions League ប្រកួតទី២ វគ្គសន្សំពិន្ទុនៃពូល B ដោយសារតែបញ្ហារបួសសរសៃពួរជើង។

កីឡាករវ័យ២២ឆ្នាំរូបនេះនឹងមិនចូលលេងនៅលើទឹកដី Huddersfield នៅថ្ងៃសៅរ៍ ទី២៩ ខែកញ្ញានេះទេ តែសង្ឃឹម ថានឹងស្ថិតក្នុងក្រុមយ៉ាងហោចណាស់ពេលប៉ះ Manchester City នៅចុងខែតុលាវិញ។

Tottenham ត្រូវប្រឈមនឹង Barcelona នៅ Champions League ថ្ងៃពុធ ទី០៣ ខែតុលា ខាងមុខ។ Alli បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសចុងក្រោយ ដោយសារតែការរងរបួសដំបូងរបស់គេ។

កូនក្រុមលោក Mauricio Pochettino បានវិលត្រឡប់មកវិញពេលប៉ះ Brighton នៅឯកីឡដ្ឋាន Amex កាលពីចុង សប្តាហ៍មុន ដោយបានចូលលេងនៅវគ្គទី២ បន្ទាប់មកក៏បង្ហាញវត្តមានពេលឈ្នះ Watford ក្នុងជុំទី៣ នៃពានរង្វាន់ League Cup៕