(ភ្នំពេញ)៖ មួយរយៈចុងក្រោយមកនេះ តារាប្រុសស្រីជាច្រើនបានសម្តែងនូវការហួសចិត្ត ខណៈឃើញរូបភាពដែលត្រូវបានគេចែករំលែកតៗគ្នា បង្ហាញពីឆ្នេរសមុទ្រដ៏មានសក្តានុពលនៅខេត្តព្រះសីហនុ ពោរពេញដោយសំរាម។ ប៉ុន្តែគេមិនបានដឹងនោះទេថា រូបភាពទាំងនោះជាការពិត ឬគ្រាន់តែជារូបភាពប្រឌិត កែច្នៃដោយបច្ចេកទេសកាត់។ ទន្ទឹមគ្នានឹងរឿងនេះកំពុងតែក្លាយជាប្រធានបទក្តៅ សម្រាប់អ្នកលេងបណ្តាញសង្គមនោះ ស្រាប់តែតារាសម្តែងប្រុស លោក ជា វណ្ណរិទ្ធ បញ្ចេញមតិភ្លាមៗ ក្នុងន័យព្រួយបារម្ភចំពោះឆ្នេរសមុទ្រកម្ពុជានាថ្ងៃអនាគត។

ការបញ្ចេញនូវមតិព្រួយបារម្ភពីសំណាក់តារាប្រុសមានកូនពីរក្នុងបន្ទុកនេះ ធ្វើឡើងខណៈដែលលោកទៅដល់ខេត្តព្រះសីហនុផ្ទាល់ ហើយបានបង្ហោះសារដោយមានអត្ថន័យយ៉ាងដូច្នេះថា «ពេលដែលសមុទ្រស្ងប់ស្ងាត់មិនសូវមានមនុស្សទៅលេងដូចមុន ហាងមួយចំនួនធំត្រូវបានសេង និងជួលឱ្យថៅកែចិនបន្ត តាមឆ្នេរលែងសូវមានអ្នកអើពើក្នុងការសំអាត មាត់ឆ្នេរចាប់ផ្តើមគរសំរាមបន្តរសាត់អណ្តែតតាមទឹក រាលដាលដល់ឆ្នេរផ្សេងទៀត។ ឆ្នេរសមុទ្រកម្ពុជា តារារះនាទិសនិរតី ថ្ងៃមុខនឹងទៅជាយ៉ាងណា?»

ការបង្ហាញទស្សនៈខាងលើពីលោក ជា វណ្ណរិទ្ធ ពេលនេះបានធ្វើឱ្យទស្សនិកជនកាន់តែព្រួយបារម្ភបន្ថែម ហើយមានអ្នកខ្លះក៏បានសម្ដែងការសោកស្តាយ និងបញ្ចេញប្រតិកម្មរិះគន់មិនសំចៃមាត់ ដោយពួកគេបានអះអាងថា ខេត្តព្រះសីហនុដែលជាទីរមណីយដ្ឋានដ៏ផូរផង់របស់កម្ពុជា ត្រូវបានផ្លាស់ប្ដូរស្ទើរតែទាំងស្រុង បន្ទាប់ពីប្រជាជនចិនចាប់ផ្តើមចូលមករស់នៅច្រើនឡើងៗស្ទើររាល់ថ្ងៃ។

តែយ៉ាងណា នេះគ្រាន់តែជាការនិយាយតៗគ្នា ដោយមិនបានទៅមើលពីស្ថានភាពជាក់ស្តែងតែប៉ុណ្ណោះ ខណៈឆ្នេរសមុទ្រកម្ពុជា បច្ចុប្បន្ននៅតែមានទេសភាពស្រស់ស្អាត មានភ្ញៀវទេសចរណ៍ទៅដើរលេងកំសាន្តជាធម្មតា ដូចសព្វមួយដង។ ប្រសិនបើឆ្នេរសមុទ្រកម្ពុជាមានសំរាមដូចដែរអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកលើកឡើង សួរថា តើអភិបាលខេត្ត និងអ្នកគ្រប់គ្រងកំពុងធ្វើអ្វី? ផ្ទុយទៅវិញ អ្នកគ្រប់គ្រងខេត្តកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការថែរក្សា និងអភិវឌ្ឍឆ្នេរសមុទ្រមួយនេះកាន់តែទាក់ទាញបន្ថែមទៀត៕