(នីយ៉ុង)៖ ប្រព័ន្ធអេឡិចត្រូនិចជំនួយការអាជ្ញាកណ្តាល VAR (Video Assistant Referee) នឹងត្រូវដាក់ឲ្យប្រើក្នុង ព្រឹត្តិការណ៍ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League ចាប់ពីរដូវកាលនេះតទៅ នេះបើការបញ្ជាក់ឲ្យដឹងពី ប្រមុខ UEFA នាយប់មិញនេះនៅទីក្រុង Nyon។
បន្ថែមលើនេះ VAR ក៏ត្រូវប្រើក្នុងពានរង្វាន់ Super Cup 2019, Euro 2020, Europa League 2020-2021 និងការ ប្រកួតពានរង្វាន់លីគអឺរ៉ុប National League 2021 នៅវគ្គផ្តាច់ព្រ័ត្រផងដែរ។
VAR ត្រូវបានប្រើដោយជោគជ័យម្តងរួចមកហើយក្នុងព្រឹត្តិការណ៍ធំ FIFA World Cup ដែលទើបបញ្ចប់ទៅ កាលខែកក្កដា ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី រួមផ្សំទាំងលីគនៅអង់គ្លេស អេស្ប៉ាញ អូស្រ្តាលី និងអាមេរិក ក៏បានតែកំពុងប្រើប្រព័ន្ធនេះផងដែរ។
ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEA លោក Aleksander Ceferin បានថ្លែងថា «ប្រព័ន្ធ VAR នេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការកាត់ក្តីកាន់តែសុក្រឹត្រឡើងថែមទៀតរបស់លោកអាជ្ញាកណ្តាល»។
សូមរំលឹកផងដែរថា ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល VAR ត្រូវបានបង្កើតឡើង ២ឆ្នាំកន្លះមកហើយ ក្រោយពេល ប្រព័ន្ធកំណត់បាល់ចូលទី Goal Line Technology ត្រូវបានបង្កើតឡើង ១ឆ្នាំមុន៕