(ភ្នំពេញ)៖ តារាម៉ូដែលរាងខ្ពស់ស្រឡះ ដែលត្រូវបានគេដឹងថា គឺជាប្អូនស្រីរបស់លោក អ៊ឹង រដ្ឋា ហៅទុយ គឺ កញ្ញា អ៊ឹង និមល នឹងចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។ ដូច្នេះរាល់ចម្ងល់របស់ទស្សនិកជន និងអាថ៌កំបាំងផ្ទាល់ខ្លួននានា នាងនឹងបកស្រាយប្រាប់ដល់មហាជនឱ្យបានច្បាស់តែម្តង។

តាមការកត់សម្គាល់ តារាស្រីសម្រស់បានរាងខ្ពស់ស្រឡះរូបនេះ មិនត្រឹមតែជាអាជីពជាតារាម៉ូដែលនោះទេ ថែមទាំងជាតារាសម្តែង និងជាតារាចម្រៀងដ៏មានប្រជាប្រិយភាពទៀតផង។ លើសពីនេះ សព្វថ្ងៃនាងត្រូវបានគេដឹងថា កំពុងតែត្រូវប៉ាន់ខាងថតខ្សែភាពយន្តភាគខ្មែរ ជាមួយនឹងតារាសម្តែងប្រុសស្រីល្បីៗជាច្រើនរូបផងដែរ។

ជាមួយនឹងការប្រឡូក ក្នុងវិស័យសិល្បៈ និងការជោគជ័យមកដល់សព្វថ្ងៃ របស់កញ្ញា អ៊ឹង និមល បានក្លាយជាចម្ងល់របស់ទស្សនិកជន ចង់ដឹងថាតើតារារូបនេះចូលសិល្បៈដំបូង តាមរយៈអាជីពមួយណា សព្វថ្ងៃនាងមានអាជីពក្នុងសិល្បៈច្រើនយ៉ាងនេះ? ចំណែកឯចម្ងល់ ដែលទស្សនិកជនចង់ដឹងកាន់តែខ្លាំងនោះ គឺរឿងរ៉ាវស្នេហារបស់នាងតែម្តង។

យ៉ាងណាមិញ ដើម្បីបង្ហាញប្រាប់ដល់ទស្សនិកជនឱ្យច្បាស់នូវចម្ងល់ទាំងនេះ កញ្ញា អ៊ឹង និមល នឹងចូលរួមមកស្រាយក្នុងបទសម្ភាសន៍របស់កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធីនេះធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងដដែល៕