(ភ្នំពេញ)៖ ជាការពិតទស្សនិកជនធ្លាប់តែឃើញផលិតករវ័យក្មេង លោក ចាន់ណា រ៉ូណាន់ ដឹកនាំសម្តែងខ្សែភាពយន្ត ខណៈពេល​នេះលោក ត្រូវបានផលិតកម្មមហាហង្សជ្រើសរើសរូបលោកឲ្យសម្តែងរឿងថ្មីដែល​ មានចំណងជើងថា «កៅអីចុងក្រោយ» ​សម្តែងជាតួសិស្សសាលា។ យ៉ាងណាមិញ ទោះបីជា កាលពីពេលកន្លងទៅមានការចុះផ្សាយនានា ពីការរកាំរកូស ​រឿងបើកលុយយឺតយ៉ាវថ្លៃថត រវាងតួសម្តែង និងផលិតកម្មមហាហង្សក្តី តែបើងាកមកលោក ចាន់ណា រ៉ូណាន ហាក់មិនបានបារម្ភអ្វីច្រើននោះទេ ព្រោះលោកបានប្រាប់ថា គ្រាន់តែចុះកុងត្រាថត ខាងផលិតកម្មឲ្យប្រាក់កក់ ៥០ភាគរយទៅហើយ។ ដូចនេះលោកមិនបារម្ភអ្វីទាំងអស់។

លោក ចាន់ណា រ៉ូណាន់ បាននិយាយប្រាប់ពីមូលេហេតុ ដែលចូលសម្តែងរឿងឲ្យមហាហង្ស យ៉ាងដូច្នេះថា ​ជាការពិត មួលហេតុដែលលោក សម្រេចចិត្តសម្តែងឲ្យផលិតកម្មមហាហង្ស ដោយសារតែផលិតកម្មនេះ មានឈ្មោះល្បីក្នុងប្រទេសកម្ពុជា។ បើងាកមកស្នាដៃវិញ គឺរឿងភាគច្រើនរបស់ផលិតកម្មនេះ អាចទទួលយកបាន និងមានទស្សនិកជនគាំទ្រច្រើន ដូច្នេះទើបលោកសម្រេចចិត្តចូលសម្តែងតែម្តង។ ពាក់ព័ន្ធរឿងលុយកាក់ថ្លៃថត លោកមិនមានក្តីបារម្ភទេ ដោយសារលោកទទួលបានការងារពីមហាហង្សតែខាងផាត់មុខ និងសម្តែងតែប៉ុណ្ណោះ ហើយខាងផលិតកម្មបានបើកឲ្យ ៥០ភាគរយ ឬមានតែឲ្យលុយមុនថតក៏មានដែរ​។

ទាំងនេះប្រៀបបាននឹង ទស្សនិយភាពប្លែកអារម្មណ៍មួយ សម្រាប់ទស្សនិកជន ដែលឃើញលោក ចាន់ណា រ៉ូណាន់ សម្តែងឲ្យរឿងផលិតកម្មមហាងហង្ស ហើយលោកបានបង្ហាញក្តីសង្ឃឹម ​ថា «ក្នុងខ្សែភាពយន្តមួយនេះ ​នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ព្រោះហ្វេនមានការភ្ញាក់ផ្អើលច្រើន ពេលឃើញវត្តមានរបស់លោក ក្នុងរឿងរបស់មហាហង្ស។ ​ពួកគេ កំពុងរង់ចាំមើលក្នុងការសម្តែងរបស់លោក ព្រោះកាលមុនលោកធ្លាប់សម្តែង តែផ្អាកមួយរយៈ តែឥឡូវមកចូលសម្តែងវិញ ថាតើមានអ្វីប្លែកអារម្មណ៍សម្រាប់ទស្សនិកជន?»

ងាកមកការសម្តែងនេះដដែល លោក ចាន់ណា រ៉ូណាន់ បន្ថែមថា «បើប្រៀបធៀបការសម្តែងរឿងឲ្យផលិតកម្មផ្សេង និងដឹកនាំរឿងផ្ទាល់ សម្រាប់លោកគ្មានអ្វីខុសប្លែកទេ។ ពេលដឹកនាំរឿង ត្រូវដឹងចរិតលក្ខណៈគ្រប់តួ ហើយបើសម្តែងវិញ គឺគិតតែអត្តចរិតខ្លួនឯងគឺរួចរាល់ និងគ្មានអ្វីពិបាកសម្រាប់លោកនោះទេ»

ជាចុងក្រោយលោក ចាន់ណា រ៉ូណាន់ បាន​ថ្លែងអំណគុណ​ ដល់ទស្សនិកជនដែលតែងតែគាំទ្រ រាល់ស្នាដៃរបស់លោកតាំងពីដើម​រហូតមក។ ជាពិសេសការលើកទឹកចិត្តលោកក្នុងវិស័យសិល្បៈ និងសន្យាជាមួយទស្សនិកជនថា នឹងខិតខំព្យាយាមរកអ្វី ដែលថ្មីដើម្បីកំដអារម្មណ៍ទស្សនិកជនបន្តទៀត៕