(ភ្នំពេញ)៖ ឯកឧត្តម ហ៉ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ និងជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ក្នុងឱកាសដ៏វិសេសវិសាលដែល ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យតែងតាំង ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នេះ។

ការប្រោសព្រះរាជទានតែងតាំងមុខតំណែងនេះ គឺពិតជាស័ក្តិសមទៅនឹងគុណសម្បត្តិរបស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ដែលបានលះបង់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី ក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ រួមមានការបំពេញតួនាទីជា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ចំនួន ៣អាណត្តិ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៥ នាពេលកន្លងមក ដែលក្នុងឋានៈនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត គឺជាមគ្គទេសក៍ដ៏ឆ្នើមមួយរូប ក្នុងប្រវត្តិសាស្ត្រនៃក្រុមប្រឹក្សាធម្មនុញ្ញ ដោយបានដឹកនាំស្ថាប័នប្រកបដោយឆន្ទៈ សមត្ថភាព បញ្ញាញាណ ទេពកោសល្យ និងឧត្តមគតិជាតិខ្ពស់ ជាគំរូដ៏ល្អប្រពៃ ញ៉ាំងក្រុមប្រឹក្សាធម្មនុញ្ញឱ្យឈានឡើង មានការរីកចម្រើន មានកិត្យានុភាព និងឧត្តមភាព កាន់តែស័ក្តិសមឋានៈជាស្ថាប័នកំពូលរបស់ជាតិ ដោយធ្វើឱ្យសម្រេចនូវសមិទ្ធផលដ៏ត្រចះត្រចង់លើការដ្ឋានការងារធំៗ រួមមានជាអាទិ៍ការសាងសង់ វិមានរដ្ឋធម្មនុញ្ញ ជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋ ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងកិត្យានុភាពស្ថាប័ន។

ក្នុងឱកាសប្រកបដោយនក្ខត្តឫក្សនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ និងទសបារមី នៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមប្រោសប្រទានសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបតែនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕