(ភ្នំពេញ)៖ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានផ្ញើសារលិខិតរំលែកមរណទុក្ខជូនសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តម សុក ខា អតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ត្រូវជាឪពុកក្មេករបស់សម្តេច ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៥:៥៥នាទីល្ងាច ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។

យើងខ្ញុំមានសេចក្តីក្រៀមក្រំ និងសោកស្តាយជាពន់ពេកនូវដំណឹងដ៏ក្រៀមក្រំអំពីមរណភាពរបស់ឯកឧត្តម សុក ខា គឺជាការបាត់បង់នូវឪពុកក្មេក ឪពុកបង្កើត ជីតា ជីតាទួតជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះ កូន ចៅ ចៅទួត និងជាការបាត់បង់ឥស្សរជនស្នេហាជាតិមួយរូប ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី រួមចំណែកយ៉ាងសកម្មបំផុតក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន។

ក្នុងឱកាសប្រកបដោយសេចក្តីទុក្ខសោកដ៏សែនក្រៀមក្រំនេះ យើងខ្ញុំសូមសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសារ ដោយក្តីស្រណោះអាឡោះអាល័យ និងសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម សុក ខា បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕