(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្ញើសាររំលែកទុក្ខជូនសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពឯកឧត្តម សុក ខា ត្រូវជាឪពុកក្មេករបស់សម្តេចមហាមន្ត្រី គុយ សុផល និងជាអតីតអនុប្រធានគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៥:៥៥ នាទីល្ងាច ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។

តាងនាមកងកម្លាំងនគរបាលជាតិ និងក្នុងនាមខ្ញុំបាទផ្ទាល់ ព្រមទាំងភរិយា មានសេចក្តីក្តុកក្តួល សោកស្ដាយជាអនេក ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំអំពីមរណភាពរបស់ ឯកឧត្តម សុក ខា អតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ កាលពីថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវក្តីសោកស្ដាយស្រណោះអាឡោះអាល័យយ៉ាងក្រៃលែងចំពោះ ការបាត់បង់រូប ឯកឧត្តម សុក ខា ដែលជាឪពុកក្មេក ឪពុក និងជីតាជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ ជាកុលបុត្រខ្មែរ និងជាឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលបានធ្វើពលិកម្មសព្វបែបយ៉ាងតស៊ូយ៉ាងសកម្ម ប្រកបដោយស្វាមីភក្ដិក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ អស់រយៈពេលជាច្រើនទសវត្សរហូតអវសាន នៃជីវិត។

ទោះបីរូបកាយបានឃ្លាតចាកពីលោកយើងទៅមែនពិត ប៉ុន្តែ ឯកឧត្តម បានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះ កិត្តិយសដ៏ឧត្ដុង្គឧត្តម ដក់ជាប់ក្នុងដួងចិត្តរបស់យើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបានឡើយ។ ម្យ៉ាងវិញទៀត មរណភាពរបស់ ឯកឧត្តម សុក ខា ក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏គំរូ ដែលតែងតែជួយគាំទ្រដល់ការកសាង ហេដ្ឋារចនាសម្ព័ន្ធនានា ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ សម្រាប់ទុកជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ និងសង្គមជាតិ។

ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំសោកសង្រេងនេះ ក្នុងនាមកងកម្លាំងនគរបាលជាតិ និងក្នុងនាមខ្ញុំបាទផ្ទាល់ ព្រមទាំងភរិយា សូមចូលរួមសម្ដែងនូវសមានទុក្ខ ដោយក្តីសោកស្តាយអាឡោះអាល័យ នឹង សូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម សុក ខា សូមឆាប់បានយោនយកកំណើត ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕