(ភ្នំពេញ)៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានផ្ញើសារគោរពជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត ក្នុងឱកាសទិវាខួបកំណើតគម្រប់ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ។
ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លាឧត្តុង្គឧត្តមនៃទិវាអាយុវឌ្ឍនមង្គលគម្រប់ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ របស់សម្តេចអគ្គមហាអគ្គមហាពញាចក្រី, ឯកឧត្តម អឹុម ឈុនលឹម ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ សូមគោរពសម្តែងនូវអំណរសាទរ និងបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិ ទាំងអស់ក្នុងលោក សូមជួយជ្រោមជ្រែងបីបាច់ថែរក្សាការពារ និងប្រទានពរជ័យបវរសួស្តីមហាប្រសើរ ជូនចំពោះ សម្ដេចអគ្គមហាពញាចក្រី សូមសម្តេចប្រកបដោយសុខភាពល្អប្រសើរ មានកម្លាំងមាំមួន អាយុយឺនយូរ និង ទទួលបានជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀត ក្នុងការបំពេញភារកិច្ចថ្មីដ៏ឧត្ដុង្គឧត្តមបម្រើបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។
ក្នុងសារលិខិតជូនពរនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានគូសរំលេចពីការចងចាំជានិច្ចក្នុងដួងចិត្តនូវឧត្តមគតិស្នេហាជាតិមាតុភូមិ និងពលិកម្មដ៏ធំធេងរបស់សម្ដេចអគ្គមហាពញាចក្រី ក្នុងការដឹកនាំការតស៊ូសង្គ្រោះជាតិឱ្យរស់ឡើងវិញ រួចផុតពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងស្តារ កសាង ការពារ អភិវឌ្ឍជាតិមាតុភូមិជាទីស្នេហាឱ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ ទេវតាគ្រប់ទិសទី ព្រមទាំងវត្ថុស័ក្តិសិទ្ធិ ទាំងអស់ក្នុងលោក ពិសេសទេវតាឆ្នាំថ្មីព្រះនាម គោរាគទេវី សូមប្រទានពរជ័យបវរសួស្តីសិរីមង្គលជូនដល់ សម្ដេចអគ្គមហាពញាចក្រី និង សម្តេចធម្មវិសុទ្ធវង្សា បុត្រា បុត្រី ព្រមទាំងចៅៗទាំងអស់ សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕