(ភ្នំពេញ)៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងនគរបាលទាំងអស់នៃព្រះបរមរាជវាំង បានផ្ញើសារលិខិតអបអរសាទរ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសទទួលគ្រឿងឥស្សរិយយសថ្នាក់ «Grand Cordon of the Order of the Rising Sun» ជាឥស្សរិយយសកម្រិតខ្ពស់របស់រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥។

ព្រះចៅអធិរាជជប៉ុន​ បានអញ្ជើញបំពាក់គ្រឿងបំពាក់ដោយផ្ទាល់ ឥស្សរិយយស Grand Cordon of the Order of the Rising ជាឥស្សរិយយសកម្រិតខ្ពស់របស់រដ្ឋាភិបាលជប៉ុន ជូនចំពោះ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលធ្វើឡើងនៅ ព្រះបរមរាជវាំងប្រទេសជប៉ុន។

ការបំពាក់គ្រឿងឥស្សរិយយសជូនចំពោះ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ពីសំណាក់ព្រះចៅអធិរាជជប៉ុន ក៏ដូចជារដ្ឋាភិបាលជប៉ុន បានបង្ហាញការចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងលើ កកម្ពស់ចំណងមិត្តភាពកម្ពុជា-ជប៉ុន​។ ទីស្តីការគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុន បានប្រកាសឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ ផ្តល់ជូនដល់បុគ្គលឆ្នើម ដើម្បីទទួលស្គាល់នូវការចូលរួមចំណែករបស់បុគ្គលទាំងនេះ ក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធិផលដ៏លេចធ្លោរបស់របស់បុគ្គលទាំងនេះក្នុងវិស័យនានាក្នុងសង្គម។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រី សូមទទួលបានសមប្រកបដោយពុទ្ធពរ និងពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕