ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ឈួន ថាវរិន្ទ ផ្ញើសារលិខិតអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានគ្រឿងឥស្សរិរយសកម្រិតខ្ពស់បំផុតរបស់ទីម័រឡេស្តេ
09-05-2025 17:22
(ភ្នំពេញ)៖ ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ឈួន ថាវរិន្ទ ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាមេបញ្ជាការរងកងទ័ពជើងអាកាស និងលោកជំទាវ ឈុន ផាណ្ណា សូមគោរពអបអរសាទរយ៉ាងស្មោះអស់ ពីដួងចិត្តជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសទទួលបានគ្រឿងឥស្សរិយយស «Grand Collar of the Order of Timor-Leste» ជាឥស្សរិយយសកម្រិតខ្ពស់បំផុតរបស់ប្រទេសទីម័រឡេស្តេ។
លោក José Ramos-Horta ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានអញ្ជើញបំពាក់គ្រឿងបំពាក់ដោយផ្ទាល់ ឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយសកម្រិតខ្ពស់បំផុត និងជាការផ្តល់កិត្តិយសដ៏ធំធេងពីសំណាក់ភាគីទីម័រឡេស្តេ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលធ្វើឡើងនៅវិមានប្រធានាធិបតីទីម័រឡេស្តេ។
ការបំពាក់គ្រឿងឥស្សរិយយសជូន សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ពីសំណាក់ប្រធានាធិបតី ក៏ដូចជារដ្ឋាភិបាលទីម័រឡេស្តេនាពេលនេះ គឺដើម្បីបង្ហាញនូវកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទានដ៏ធំធេងរបស់ សម្តេចតេជោ ក្នុងការជួយគាំទ្រដល់ទីម័រឡេស្តេ ជាង២ទសវត្សរ៍កន្លងមក ជាពិសេសចំពោះការជម្រុញទីម័រឡេស្ដេ ចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា និងមហាកិត្តិយសនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕