(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោកជំទាវ ខាន់ ម៉ានីដា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បានផ្ញើសារគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃថ្ងៃចម្រើនជន្មាយុគម្រប់៧១ឆ្នាំ ឈានចូល៧២ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។

យើងខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយអំណរសាទរ និងសូមប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត សូមបានប្រកបដោយ សុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ។

ឆ្លៀតក្នុងឱកាសដ៏មង្គលាភិរម្យឧត្តុង្គឧត្តមវិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ចំពោះគំរូវីរភាពដ៏ប្រពៃ ថ្លៃថ្លារបស់សម្តេច ដែលជាឥស្សរជនស្ត្រីដ៏ឆ្នើមមួយរូប ដោយបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការ រួមចំណែករំដោះប្រទេសជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជាច្រើនក្នុងបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ ជារៀងរហូតមក។

ជាងនេះទៀត សម្តេច តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកស្ទួយសិទ្ធិនារី និងតម្លៃស្ត្រី លើកកម្ពស់សីលធម៌សង្គម សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ដែលធ្វើឱ្យស្ត្រីកម្ពុជាមានឱកាសចូលរួមគ្រប់សកម្មភាពសង្គម។ ជាមួយគ្នានេះដែរ សម្តេច បាននិងកំពុងចូលរួមវិភាគទានសំខាន់ៗជាច្រើនឥតឈប់ឈរជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសមិទ្ធផលសង្គមនានា ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ សំដៅបម្រើឧត្តមប្រយោជន៍ជាតិ លើកកម្ពស់ជីវភាព សុខុមាលភាពប្រជាជន និងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ជារៀងដរាបតទៅ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត និងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕