(ភ្នំពេញ)៖ ក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងគ្រីស្ទបរិស័ទជាសមាជិក សមាជិកាទូទាំង ២៥ រាជធានី-ខេត្ត នៃកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសារសម្លេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងកិច្ចសហ ប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដោយប្រឆាំងដាច់ខាត ចំពោះក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។។

គម្រោងកិច្ចសហប្រតិបត្តិការនេះ បាននាំមកនូវការរីកចម្រើនជាច្រើន រួមចំណែកដល់ការពង្រឹង សេដ្ឋកិច្ច ពង្រឹងឯករាជ្យភាព និងបានលើកកម្ពស់ជីវភាពប្រជាជន ដែលរស់នៅតាមតំបន់នៃខេត្តទាំងបួន តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបង្កើនពាណិជ្ជកម្មឆ្លងដែន ការលើកកម្ពស់វិស័យទេសចរណ៍ និងគម្រោងវិនិយោគនានាដែលបានលេចជារូបរាងជាបន្តបន្ទាប់។

ឆ្លៀតក្នុងឱកាសនេះ ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា គ្រីស្ទបរិស័ទដែលជាសមាជិក-សមាជិកានៃក្រុមប្រឹក្សា ក.ប.គ.ក ទាំងអស់ សូមរួបរួមគ្នាជាមហាសាមគ្គី ឯកភាពជាតិជាធ្លុងមួយ ដើម្បីការពារសុខសន្តិភាព និងស្ថិរភាព ដែលប្រទេសជាតិយើងដណ្តើមបានដោយលំបាក ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត វាងវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាពដ៏ឆ្នើមគ្មានពីរ ដើម្បីវឌ្ឍនភាពសង្គម និងភាពសម្បូររុងរឿងសម្រាប់ជាតិយើង។

ជាថ្មីម្តងទៀត ក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា សូមអធិស្ឋានដល់ ព្រះអម្ចាស់យេស៊ូវគ្រីស្ទ សូមព្រះប្រទានព្រះពរជ័យគ្រប់ប្រការជូនដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់ សូមព្រះប្រទានព្រះពរ មានសុខភាពល្អ ពេញបរិបូរណ៍ ជន្មាយុយឺនយូរ និងមានតេជបារមីថ្លៃថ្លាមកពីទ្រង់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យរីកចម្រើន ថ្កុំថ្កើងរុងរឿង ជានិច្ចនិរន្តរ៍តរៀងទៅ៕