(ភ្នំពេញ)៖ អ្នកឧកញ៉ា តាំង ផេងប៉ោ និងលោកជំទាវ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ បានផ្ញើសាររំលែកទុក្ខជូនចំពោះអ្នកឧកញ៉ា អ៉ឹង លីហេង និងលោកជំទាវ តាំង ហ្គិចលៀង ចំពោះមរណភាពឧបាសក លី ហាក់ស្រ៊ុន ដែលត្រូវជាឪពុកបង្កើត និងជាឪពុកក្មេក។

អ្នកឧកញ៉ា តាំង ផេងប៉ោ និងលោកជំទាវ ពិតជាមានក្តីរំជួលចិត្តឥតឧបមាដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឧបាសក លី ហាក់ស្រ៊ុន ដែលត្រូវជាឪពុកបង្កើត ឪពុកក្មេករបស់អ្នកឧកញ៉ា អ៉ឹង លីហេង និងលោកជំទាវ តាំង ហ្គិចលៀង បានទទួលមរណភាពកាលពីថ្ងៃអង្គារ៍ ១០រោច ខែមាឃ ឆ្នាំថោះ ​បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០២៤ ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុតជាមួយក្រុមគ្រួសារនៃសព ព្រោះការបាត់បង់ឧបាសក លី ហាក់ស្រ៊ុន គឺជាការបាត់បង់នូវឪពុក បានបង់នូវជីតា ជីតាទួត ជាទីគោរពស្រឡាញ់បំផុត ប្រកបដោយព្រហ្មវិហារធម៌ល្អប្រពៃចំពោះកូនៗ ចៅៗ និងចៅទួតទាំងអស់។ ទោះបីរូបកាយរបស់ព្រឹទ្ធមហាឧបាសក លី ហាក់ស្រ៊ុន បានបាត់បង់ក៏ពិតមែន ប៉ុន្តែអំពើជាកុសល កិត្តិយសសេចក្ដីថ្លៃថ្នូរនឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្ដកូនៗ ចៅៗ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។

ខ្ញុំ និងភរិយាសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធឧបាសក លី ហាក់ស្រ៊ុន សូមឆាប់បានចាប់កំណើត កើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕