(បរទេស)៖ កីឡាគឺនាំមកនូវសុខភាព ហេតុនេះហើយទើបបានជាមានមនុស្សទាំងអស់គ្នា នៅលើពិភពលោក តែងតែលេងកីឡា មិនថាកីឡាបាល់ទះ រត់ប្រណាំង ហែលទឹក ជិះកង់ បាល់ទាត់ សុទ្ធតែជាប្រភេទកីឡាដែលទទួលបាននូវភាពសប្បាយរីករាយ និងនាំមកនូវសុខភាពល្អផងដែរ។
បើតាមការសង្កេតឃើញថា កីឡា១ក្នុងចំណោមនោះត្រូវបានគេនិយមចូលចិត្តលេង និងទស្សនាច្រើនជាងគេនោះ គឺកីឡាបាល់ទាត់ ដែលបានបង្ហាញនៅ ៤ចំណុចដែលអាចទាកទាញចំណាប់អារម្មណ៍ពីមហាជន គ្រាដែលការប្រកួតដ៏អស្ចារ្យមួយគឺព្រឹត្តិការណ៍ World Cup ដែលបានបញ្ចប់ទៅកាលពីពេលថ្មីនេះនៅប្រទេសរុស្ស៊ី ខណៈដែលក្រុមជម្រើសជាតិបារំាង ជាម្ចាស់ជើងឯកក្នុងឆ្នាំ២០១៨ នេះផងដែរ។
ខាងក្រោមនេះនឹងបង្ហាញនៅចំណុច ៤យ៉ាងដែលទាកទាញ៖
១៖ លំហាត់ប្រាណ៖ បាល់ទាត់គឺជាកីឡាមួយប្រភេទ ដែលតម្រូវឲ្យកីឡាករធ្វើចលនាគ្រប់ជំហាន ដើរ រត់ប្រដេញ ផ្តួលខ្លួន ហក់លោត ជាដើម ទន្ទឹមនឹងការធ្វើបែបនេះ ធ្វើឲ្យរាងកាយទទួលភាពនឿយហត់ខ្លាំងក៏ពិតមែន ប៉ុន្តែវាបានជួយបញ្ចេញជាតិពុលពីក្នុងរាងកាយរបស់យើង ក្នុងបរិមាណដ៏ច្រើនដែលយើងមិននឹកស្មានដល់។
២៖ ការរួបរួមសាមគ្គី៖ គ្រប់ក្រុមនីមួយៗដើម្បីទទួលបាននូវជ័យជម្នះ ត្រូវតែមានការរួបរួមសាមគ្គីជាធ្លុងមួយ ទាំងអ្នកចាំទីត្រូវព្យាយាមធ្វើយ៉ាងណា ការពារបាល់មិនឲ្យគេស៊ុតចូល ខ្សែការពារ ត្រូវការពារមិនឲ្យគេមានចន្លោះប្រហោងក្នុងការស៊ុត។ ភាពសាមគ្គីគ្នាដ៏ល្អនេះ វាបានបង្ហាញនូវទម្រង់លេងដ៏ល្អមួយនៅលើទីលានប្រកួត ដែលធ្វើឲ្យអ្នកទស្សនាជក់ចិត្តដិតអារម្មណ៍ និងស្រែកគាំទ្រផងដែរ។
៣៖ យុទ្ធសាស្រ្តនិងបច្ចេកទេស៖ យុទ្ធសាស្រ្ត គឺជាចំណុចសំខាន់សម្រាប់ក្រុមបាល់ទាត់នីមួយៗ ដែលកីឡាករគ្រប់រូបត្រូវអនុវត្តតាមការរៀបចំរបស់គ្រូបង្វឹក នៅពេលដែលការប្រកួតទទួលបានជោគជ័យគេនឹងនិយាយថា ដោយសារក្រុមនេះមានទម្រង់លេងល្អ គឺមកពីយុទ្ធសាស្រ្តរបស់គ្រូបង្វឹកដែលបានរៀបចំទុក សម្រាប់បច្ចេកទេសរបស់កីឡាករម្នាក់ ដែលពួកគេត្រូវបង្ហាញ និងខិតខំឲ្យអស់ពីសមត្ថភាពនៅលើទីលាន ព្រោះយុទ្ធសាស្រ្តគឺមិនអាចជោគជ័យបាននោះឡើយ ប្រសិនបើកីឡាករម្នាក់គ្មានបច្ចេកទេសផ្ទាល់ខ្លួនខ្លះនៅក្នុងការប្រកួត។
៤៖ ការចែករំលែកភាពសប្បាយរីករាយ៖ ក្រោយពេលរកគ្រាប់បាល់បាន គឺតែងតែមានការស្រែកអបអរជាមួយនឹងភាពរីករាយ របស់ប្រិយមិត្តអ្នកគាំទ្ររាប់ពាន់អ្នក លាន់ទ្រហឹងពាសពេញទីលានប្រកួត ដែលជាហេតុធ្វើឲ្យមានទស្សនីយភាពដ៏ល្អមួយកើតឡើង មិនថាសម្រាប់អ្នកទស្សនា គ្រាដែលកីឡាករមិត្តរួមក្រុមក៏បានបង្ហាញនៅភាពសប្បាយរីករាយ ឲ្យគ្នាទៅវិញទៅមកផងទៀតនោះ។
បញ្ជាក់ផងថា ៤ចំណុចនេះហើយ ដែលធ្វើឲ្យកីឡាបាល់ទាត់ បានក្លាយជាប្រភេទកីឡាដែលមានអ្នកគ្រាំទ្រច្រើនជាងគេលើលោក ក្នុងចំណោមប្រភេទកីឡាដ៏ច្រើនទៀតផងនោះ៕