(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិតេជោតម្លៃ ១៥០០លានដុល្លារអាមេរិក ច្រកទ្វារថ្មីភ្ជាប់កម្ពុជាទៅកាន់ពិភពលោក បានកំពុងឈរបង្អូតរាងយ៉ាងស្រស់ត្រកាល ធំស្កឹមស្កៃ នៅលើលើផ្ទៃដី ២ ៦០០ហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ គ្រោងបើកឱ្យប្រតិបត្តិការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ និងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដើម្បីទទួលអ្នកដំណើរផ្លូវអាកាសចេញ-ចូលប្រទេសកម្ពុជា។
មានចម្ងាយប្រមាណ២០ គីឡូម៉ែត្រពីភាគខាងត្បូងនៃរាជធានីភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិតេជោ វិនិយោគដោយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន (CAIC) ដែលជាក្រុមហ៊ុនចម្រុះរដ្ឋ និងឯកជន ដែលកាន់កាប់ភាគហ៊ុនធំដោយក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ា ពង់ ឃាវសែ និងភាគហ៊ុនមួយផ្នែក ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល ។
តើអាកាសយានដ្ឋានអន្តរជាតិតេជោ មានឥទ្ធិពលយ៉ាងណាចំពោះកម្ពុជា?
* ការរីកចម្រើននៃវិស័យអាកាសចរណ៍
អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលអាចស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ បើយោងតាមការវាយតម្លៃរបស់អាកាសចរណ៍ស៊ីវិល ព្រលានហោះយន្ដអន្ដរជាតិតេជោនេះ បានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F។ ជាមួយគ្នានេះ ព្រលានយន្តនេះ បានក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ លើពិភពលោកផងដែរ។
តាមផែនការ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងឡើងជាបីដំណាក់កាល ដោយដំណាក់កាលទី១ មានផ្លូវរត់ចម្ងាយ៤ គីឡូម៉ែត្រនឹងមានសមត្ថភាពទទួលអ្នកដំណើរជាង១៥ លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ ២០២៥។ ក្នុងដំណាក់កាលទីពីរ ការបន្ថែមផ្លូវរត់ពីរបន្ថែមទៀតនឹងបង្កើនសមត្ថភាពអ្នកដំណើរដល់ ៣០ លាននាក់នៅឆ្នាំ ២០៣០ ខណៈដំណាក់កាលទីបី អាកាសយានដ្ឋាននេះនឹងពង្រីកបន្ថែមទៀតជាមួយនឹងការដាក់ឱ្យប្រើប្រាស់ផ្លូវរត់ទីបី ដែលអាចទទួលអ្នកដំណើរបានរហូតដល់ ៤៥ លាននាក់នៅឆ្នាំ ២០៥០។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជ្យបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាព្រលានយន្តហោះខ្នាតធំ លំដាប់អន្តរជាតិ 4F នៅពេលដែលបើកដំណើរការនឹងទាក់ទាញបានភ្ញៀវទេសចរអន្តរជាតិ ធុរជន និងវិនិយោគិនពីក្រៅប្រទេស ដែលចាប់អារម្មណ៍មកវិនិយោគលើវិស័យផ្សេងៗនៅកម្ពុជា ក៏ដូចជាអាចទាក់ទាញនូវកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ធំៗបានផងដែរ ដែលនឹងជំរុញឱ្យមានកំណើនជើងហោះហើរបន្ថែមទៀត។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិចប្រចាំប្រទេសកម្ពុជា បានលើកឡើងថា តាមរយៈទំហំដ៏ធំរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងជំរុញឱ្យព្រលានយន្តហោះនេះ កាន់តែមានសក្តានុពល និងទទួលបានការហោះហើរត្រង់ពីបណ្តាប្រទេសឆ្ងាយៗ។ តែយ៉ាងនេះក្តី ការទទួលបានជើងហោះហើរត្រង់ច្រើន ក៏អាស្រ័យគោលនយោយបាយរបស់រដ្ឋាភិបាលផងដែរ។
* ការរីកសាយនៃអាជីវកម្ម និងតំបន់សេដ្ឋកិច្ចពិសេស
បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ បើកដំណើរការនឹងជំរុញឱ្យមានសកម្មភាពនៃការធ្វើពាណិជ្ជកម្ម និងអាជីវកម្មផ្សេងៗនៅតាមបណ្តាយផ្លូវទៅកាន់ព្រលានយន្តហោះ និងនៅជុំវិញតំបន់នោះនាពេលអនាគត។ ជាក់ស្តែងនៅតាមបណ្តោយផ្លូវ សម្តេចតេជោ ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ មានការរីកចម្រើនយ៉ាងឆាប់រហ័សនូវសំណង់អគារខ្ពស់ បុរី ផ្ទះល្វែង ធនាគារ ការិយាល័យតាំងបង្ហាញផលិតផល រួមនឹងហាងអាជីវកម្ម ចាប់ពីដំណឹងនៃការសាងសង់ព្រលានយន្តហោះ កើតឡើង។
បណ្ឌិត ហុង វណ្ណៈ បានលើកឡើងថា តាមរយៈកំណើន អ្នកដំណើរផ្លូវអាកាសចូលមកកម្ពុជា នឹងជំរុញឱ្យមានកំណើនដំណើរការអាជីវកម្ម គម្រោងវិនិយោគផ្សេងៗ និងសកម្មភាពផលរបររបស់ប្រជាពលរដ្ឋ ដូចជាផ្ទះសំណាក់ សណ្ឋាគារ ការលក់ដូវផ្សេងៗ ការិយាល័យអាជីវកម្ម កន្លែងតាំងបង្ហាញផលិតផល នៅតាមបណ្តាយផ្លូវទៅព្រលានយន្តហោះនេះ ឬតំបន់ជុំវិញនេះនៅពេលខាងមុខ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា នៅពេលខាងមុខនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមានគម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេស នៅក្បែរអាកាសយានដ្ឋានថ្មីនេះ ដែលនៅពេលអនាគតនឹងជំរុញឱ្យតំបន់នេះកាន់តែមានភាពអ៊ូអរ។ តែយ៉ាងនេះក្តី លោកកត់សម្គាល់ថា ក្នុងរយៈពេល ១ទៅ២ឆ្នាំដំបូងតំបន់នេះ អាចនឹងមិនមានអ្វីប្រែប្រួលទេ ដោយសារជាទូទៅតំបន់ព្រលានយន្តហោះ គឺមានការអភិវឌ្ឍន៍យឺត។
ជាមួយគ្នានេះ អ្នកឧកញ៉ា សំ សុខនឿន ប្រធានក្រុមហ៊ុន Sam Sn Group និងជាអ្នកជំនាញអចលនទ្រព្យនៅកម្ពុជា ជឿជាក់ថា នៅពេលខាងមុខ គម្រោងអភិវឌ្ឍន៍សំណង់លំនៅដ្ឋាន ទាំងបុរី និងអគារនានា អាចនឹងផ្តោតមកអភិវឌ្ឍន៍នៅតំបន់ជុំវិញព្រលានយន្តហោះថ្មីនេះ ព្រោះតម្រូវការអាចនឹងច្រើនជាងមុន ដែលមានន័យថា ចំណាប់អារម្មណ៍របស់អ្នកដែលចង់រស់នៅក្បែរតំបន់នោះនឹងកាន់តែច្រើនជាងមុន ខណៈភ្ញៀវបរទេសក៏អាចនឹងប្តូរទិសដៅមករស់នៅជិតតំបន់នោះផងដែរ។ ដូច្នេះហើយ នឹងជំរុញឱ្យនូវមានការរីកសាយ ហាងអាជីវកម្មនានា ដើម្បីបំពេញតម្រូវការនៅតំបន់នេះ។
* ការកើនឡើងសន្ទុះនៃការទិញលក់អចលនទ្រព្យ
ចាប់តាំងពីលេចឡើងដំណឹងនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីឆ្នាំ២០១៨មក តម្លៃអចលនទ្រព្យនៅជុំវិញតំបន់នេះ បានកើនឡើងជាបន្តបន្ទាប់ ដែលគេរំពឹងថា នៅពេលដែលបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងជំរុញឱ្យតម្លៃអចនទ្រព្យជុំវិញតំបន់នេះ កើនឡើងថែមទៀត ក៏ដូចជាជំរុញឱ្យសន្ទុះនៃការទិញលក់ប្រសើរជាងមុនផងដែរ បើទោះបីជាបច្ចុប្បន្ន វិស័យអចលនទ្រព្យ មិនសូវល្អក៏ដោយ។
អ្នកឧកញ៉ា សំ សុខនឿន លើកឡើងថា ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោនេះ នឹងធ្វើឱ្យវិនិយោគិនក្នុងស្រុក និងបរទេស មកធ្វើសកម្មភាពពាណិជ្ជកម្មគ្រប់ប្រភេទ ក៏ដូចជាវិនិយោគលើគម្រោងផ្សេងៗ ដែលនឹងជំរុញឱ្យតំបន់នេះមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដែលជាផ្នែកមួយជំរុញឱ្យតម្លៃអចលនទ្រព្យកើនឡើង។
លោកបានកត់សម្គាល់ថា តម្លៃអចលនទ្រព្យនៅតំបន់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ហាក់មានការកើនឡើង ចាប់តាំងព្រលានយន្តហោះនេះ បើកដំណើរការសាងសង់ដំបូង។ ខណៈបច្ចុប្បន្ននេះដីធ្លីកំពុងតែមានភាពជាប់គាំង និងមិនទាន់ឡើងថ្លៃចាប់តាំងពីជួបវិបត្តិជំងឺកូវីដ១៩ ដំណឹងនៃការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងជំរុញឱ្យសន្ទុះនៃការទិញលក់នៅតំបន់នោះ ចាប់ផ្តើមកក្រើកឡើងវិញ។
បើតាម អ្នកឧកញ៉ា សំ សុខនឿន បច្ចុប្បន្ននេះ តម្លៃអចលនទ្រព្យនៅតំបន់ជុំវិញ ព្រលានយន្តហោះថ្មីនេះមានតម្លៃ ចាប់ពី៦០ដុល្លារដល់៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង អ្នកជំនាញអចនទ្រព្យមាន បានលើកឡើងថា បើទោះបីជា បើកដំណើរការព្រលានយន្តហោះនៅពេលខាងមុខនេះ ក៏ដោយតែតម្លៃអចលនទ្រព្យនៅតំបន់នោះ នឹងមិនកើនឡើងនោះទេ ដោយសារតែដីនៅតំបន់ជុំវិញព្រលានយន្តហោះថ្មីនេះ បានកើនឡើងរួចមកហើយ ក្នុងអំឡុងពេលដែលព្រលានយន្តហោះនេះចាប់ផ្តើមសាងសង់ ពោលគឺវាបានឡើងថ្លៃមុនពេលវេលា។ ប៉ុន្តែបើទោះបីជាតម្លៃមិនកើនឡើងក៏ដោយ តែវានឹងជំរុញចរន្តនៃការទិញលក់ដីធ្លីនៅតំបន់នោះ កាន់តែងាយស្រួលជាងមុន។
ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ មានប្រសាសន៍ថា ដោយសារស្ថានភាពសេដ្ឋកិច្ច ការផ្គត់ផ្គង់ផ្ទះនៅតំបន់ផ្សេងច្រើន អាចនឹងធ្វើសន្ទុះទិញលក់ និងតម្លៃអចនទ្រព្យនៅតំបន់នេះ កើនឡើងយឺត។
* ភ្ញៀវទេសចរអន្តរជាតិជាច្រើន កំពុងចាប់អារម្មណ៍ព្រលានយន្តហោះថ្មីនេះ
តាមរយៈស្ថាបត្យកម្មដ៏ល្អអស្ចារ្យនៃ អាកាសយានដ្ឋានអន្តរជាតិតេជោ អាចនឹងទាក់ទាញបាននូវចំណាប់អារម្មណ៍របស់ភ្ញៀវអន្តរជាតិឱ្យទស្សនានៅកម្ពុជា។
លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា វត្តមានអាកាសយានដ្ឋានអន្តរជាតិតេជោដ៏ទំនើបនេះ នឹងជួយលើកកម្ពស់កិត្យានុភាពនៃវិស័យទេសចរណ៍នៅកម្ពុជា នៅលើឆាកអន្តរជាតិ ដែលធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍។ ការណ៍នេះ នឹងជំរុញឱ្យកម្ពុជាកាន់តែក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងមានភាពប្រកួតប្រជែង។
លោកស្រីបានឱ្យដឹងថា កន្លងមកលោកស្រីក៏ធ្លាប់បានផ្ដិតយករូបភាពអាកាសយានដ្ឋានអន្តរជាតិតេជោ ទៅផ្សព្វផ្សាយនៅតាមបណ្ដាពិព័ណ៌ទេសចរណ៍ធំៗនៅលើពិភពលោក ហើយទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីវិនិយោគិន ភ្ញៀវទេសចរ និងក្រុមហ៊ុនអាកាសចរណ៍ផងដែរ។
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញផ្លូវអាកាស ដ៏មានសក្តានុពលនៅកម្ពុជា
អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រៀមដាក់ឱ្យដំណើរការនៅខែកញ្ញាឆ្នាំនេះ នឹងបម្រើឱ្យការដឹកជញ្ជូនទំនិញ តាមផ្លូវអាកាសកាន់តែប្រសើរជាងមុន ខណៈបច្ចុប្បន្ននេះការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា នៅមានកម្រិតនៅឡើយ ដោយសារតែអាកាសយានដ្ឋានរបស់កម្ពុជា មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលយន្តហោះដឹកជញ្ជូនទំនិញធំៗបាន។
បើតាមលោក ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន (CAIC) បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិតេជោនឹងក្លាយជាមជ្ឈមណ្ឌលផ្ទេរអ្នកដំណើរ (passengers hub) និងដំឡើងទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញ (cargo hub)។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់ បានឱ្យថាអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងជំរុញឱ្យដឹកជញ្ជូនទំនិញតាមផ្លូវអាកាស កាន់តែងាយស្រួល និងមានចំនួនច្រើនជាងមុន ជាពិសេសការដឹកដោយត្រង់ពីប្រទេសផ្សេងៗ ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសមួយទៀត ដែលធ្វើឱ្យចំណេញទាំងពេលវេលា និងថវិកា។
តើអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងទៅប្រែក្លាយទៅជាបែបណា?
បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ បើកប្រតិបត្តិការទទួលអ្នកដំណើរនៅខែកញ្ញាខាងមុខនេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) នឹងបិទប្រតិបត្តិការទាំងស្រុង ដោយប្រតិបត្តិការទាំងអស់ត្រូវផ្ទេរទៅព្រលានយន្តថ្មី នៅយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។
កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលមិនមានគម្រោងលក់ដីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឱ្យទៅវិស័យឯកជននោះឡើយ។
បើទោះបីជាមិនទាន់បង្ហាញពីគម្រោង ក្នុងការប្រែក្លាយអាកាសយានដ្ឋានចាស់ដែលស្ថិតលើផ្ទៃជាង៤០០ហិកតា ទៅជាអ្វីក៏ដោយ ប៉ុន្តែសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ដីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងប្រគល់ទៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាអ្នកគ្រប់គ្រង និងឱ្យសមត្ថកិច្ចជួយថែរក្សាទ្រព្យសម្បត្តិនានា។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ព្រលានយន្តហោះចាស់នេះ នឹងអាចអភិវឌ្ឍន៍ទៅជាហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ដើម្បីអភិវឌ្ឍន៍តំបន់នោះទៅជាតំបន់ដែលផ្តល់នូវសក្តានុពល និងមានប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិ។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបម្រើដល់វិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជាតាំងពីឆ្នាំ១៩៥៩ នឹងត្រូវបិទដំណើរការនៅខែកញ្ញាខាងមុខនេះ។
* ស្ថានភាពជុំវិញអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាចនឹងមានការប្រែប្រួល
បច្ចុប្បន្ននេះ អ្នកធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ី ឆ្លងកាត់តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តែងតែត្អូញត្អែរពីការកក់ស្ទះចរាចរណ៍ ដោយសារតែភាពមមាញឹកនៃអ្នកដំណើរចេញចូល ព្រលានយន្តហោះក៏ដូចជាបណ្តុំអាជីវកម្មដ៏ច្រើននៅតំបន់នោះ។ គេរំពឹងថា នៅពេលដែល ព្រលានយន្តហោះចាស់បិទដំណើរការ នឹងធ្វើឱ្យចរាចរណ៍ធូរស្រាលជាងមុន។
អ្នកឧកញ៉ា លឹម ហេង មានប្រសាសន៍ថា បន្ទាប់ពីព្រលានយន្តហោះដែលមានអាយុកាលជិត៧០ឆ្នាំនេះ បិទដំណើរការ ក្នុងរយៈពេលខ្លី នឹងធ្វើឱ្យចរាចរល្អប្រសើរ មិនមានការកក់ស្ទះ។ តែ២ ទៅ ៣ ឆ្នាំទៅមុខ ផ្លូវនេះនឹងមានការកក់ស្ទះវិញដដែល ដោយសារកំណើនប្រជាពលរដ្ឋ កំណើនការប្រើប្រាស់យានយន្ត និងកំណើនលំនៅដ្ឋាន។
ជាមួយគ្នានេះ លោក ធួន ស៊ីណាន មានប្រសាសន៍ថា បើទោះបីជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបិទដំណើរការក៏ដោយ ផ្លូវសហព័ន្ធរុស្ស៊ី ក៏នូវតែមានចរាចរណ៍មមាញឹក ដោយសារតែផ្លូវនេះ តភ្ជាប់ទៅផ្លូវជាតិសំខាន់ៗដូចជាផ្លូវជាតិលេខ៣ និងផ្លូវខេត្តលេខ៤ ដែលភ្ជាប់ទៅខេត្តជាច្រើន៕