អ្នកជំនាញអចលនទ្រព្យ បណ្ឌិត គឹម ហ៊ាង ប្រាប់ឱ្យមានការប្រុងប្រយ័ត្ន ចំពោះគម្រោងបោកប្រាស់ ដែលបង្កើតឡើងដោយជនឆ្លៀតឱកាស នៅជុំវិញតំបន់គម្រោងអភិវឌ្ឍន៍ (Video inside)
06-06-2025 15:30
(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត គឹម ហ៊ាង អ្នកជំនាញអចលនទ្រព្យបានថ្លែងឲ្យដឹងថា ជាការពិតណាស់ក្នុងនាមជាអ្នកលក់អចលនទ្រព្យ ដែលមានបទពិសោធន៍យូរឆ្នាំ ច្បាស់ជាដឹងពីបញ្ហា និងឱកាស ចំពោះការវិនិយោគលើអចលនទ្រព្យ ជាក់ស្ដែងក្នុងអំឡុងពេលមានគម្រោងព្រលានយន្តហោះថ្មី និងព្រែកជីកហ្វូណនតេជោ ជនឆក់ឱកាសនឹងលេចរូបរាងមក ដូច្នេះចូរប្រុងប្រយ័ត្ន ចំពោះជនឆ្លៀតឱកាសទាំងនោះ បោកប្រាស់ពីគម្រោងនានា។
ក្នុងកម្មវីធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលព្រលានយន្តហោះអន្តរជាតិតេជោ និងគម្រោងព្រែកជីកហ្វូណនតេជោ ចំពោះតម្លៃដីធ្លី» លោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង បានថ្លែងថា ជាការពិតណាស់ការបោកប្រាស់ជាជំនាញមួយ ដែលមិនទាមទារការរៀនពីសាលានោះទេ ហើយអ្នកដែលបោកប្រាស់គេ ក៏មិនមែនជាអ្នកដែលមិនចេះដឹងនោះដែរ ដើម្បីបញ្ចៀសពីការបោកប្រាស់ យើងត្រូវមានវិធីការពារ។
លោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង បានថ្លែងឲ្យដឹងថា «ក្នុងពេលដែលយើងមានគម្រោងធំៗ ដូចព្រលានយន្ដហោះ និងព្រែកជីកហ្វូណននេះ ច្បាស់ណាស់គម្រោងបោកប្រាស់នឹងលេចរូបរាងមកដូចគ្នា ហើយដើម្បីកុំឲ្យចាញ់បោកគម្រោងបោក គឺសូមបុគ្គលទាំងអស់កុំលោភលន់ពេក, កុំគិតថាងាយស្រួលពេក។ កត្តាសំខាន់មួយទៀតមុននឹងយកលុយទៅវិនិយោគអ្វីមួយ សូមគិតហើយគិតទៀត គិតឲ្យច្បាស់លាស់ ត្រូវគិតថា រកលុយពិបាក ប៉ុន្ដែ ពេលចាយលុយសូមគិតថា វាលំបាកជាងពេលរកលុយទៅទៀត»។
លោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង បានបញ្ជាក់ថា មុននឹងវិនិយោគត្រូវដឹងនូវចំណុចខ្លះដូចជា ម្ចាស់គម្រោងជាអ្នកណា, ប្លង់ដីនៅទីណា, សើបឲ្យបានច្បាស់លាស់ ទៅមើលឲ្យដល់ទីកន្លែង មើលដីឲ្យផ្ទាល់ភ្នែក ដូច្នេះកុំលោភលន់ពេក កុំរំពឹងការចំណេញខ្ពស់ហួសហេតុពេក។
លោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង បានបន្ថែមថា កត្តាសំខាន់ទៀតនោះ ប្រសិនបើមិនស្គាល់ម្ចាស់គម្រោងនោះទេ មិនមានឯកសារនានា ឬប្លង់ដីច្បាស់លាស់នោះទេ ដាច់ខាតកុំលូកដៃចូលវិនិយោគឲ្យសោះ៕
សូមស្តាប់ការលើកឡើងរបស់បណ្ឌិត គឹម ហ៊ាង៖