(ភ្នំពេញ)៖ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង ២៤លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិ ជាង៥២ម៉ឺននាក់ ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង១១.៧១ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ។
គ្រឹះស្ថានអង្គរបានបញ្ជាក់ដែរថា ដោយឡែកគិតតែក្នុងខែឧសភា ភ្ញៀវអន្តរជាតិ ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៥២ ៧៦៧ កើនឡើង ៣.៧១% ទទួលបានចំណូល ២.៣ លានដុល្លា កើនឡើង ៣.១០%។
ចំណែកការលក់បណ្ណចូលទស្សនានៅប្រាសាទកោះកែរ ក្នុងរយៈពេល៥ខែនេះ មានចំនួន ១១ ៤៩៩ នាក់ ទទួលបានចំណូល ១៧២ ៤៨៥ដុល្លារ។ ការសំបុត្រនៅប្រាសាទបេងមាលា រយៈពេល៥ខែ មានចំនួន ៧ ៥៥២ នាក់ ដោយទទួលបានចំណូល ៧៥ ៥២០ដុល្លារ។ ការលក់សំបុត្រនៅភ្នំក្បាលស្ពាន រយៈពេល៥ខែ មានចំនួន ៥៧០នាក់ ទទួលបាន២ ៨៥០ដុល្លារ និងការលក់សំបុត្រទូក រយៈពេល០៥ខែ ក្នុងឆ្នាំ២០២៥ មានចំនួន ៧៩២ ៩១៨ដុល្លារ៕