(ភ្នំពេញ)៖ អ្នកជំនាញទេសចរណ៍បានលើកឡើងថា ក្នុងការបើកអាជីវកម្មក្នុងវិស័យទេសចរណ៍ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ឬភោជនីយដ្ឋាន ជាដើម មិនគួរបើក ដោយសារតែឃើញគេរីកចម្រើន ឬមានភ្ញៀវច្រើននោះទេ ប៉ុន្តែទាមទារឱ្យមានសិក្សាឱ្យច្បាស់ពីតម្រូវការ និងកំណើនភ្ញៀវ នៅតំបន់នីមួយៗ ដើម្បីឱ្យអាជីវកម្មមាននិរន្តភាព។
បណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិច ប្រចាំកម្ពុជា ដែលជាអ្នកជំនាញទេសចរណ៍ និងជាអ្នករកស៊ីក្នុងវិស័យនេះ បានមានប្រសាសន៍ថា នៅតំបន់ខ្លះ ការវិនិយោគអាជីវកម្មក្នុងវិស័យទេសចរបានឆ្អែតរួចទៅហើយ ហេតុដូច្នេះហើយ អ្នកប្រកបអាជីវកម្ម គួរតែមានការសិក្សាមួយដែលជាក់លាក់ ថាតំបន់នោះ មានតម្រូវការប៉ុន្មាន ដោយធ្វើការព្យាករណ៍ ចាប់ពីពេលនេះទៅដល់ឆ្នាំ២០៣០ ថាមានកំណើនភ្ញៀវកម្រិតណា។
លោកលើកជាឧទាហរណ៍ថា នៅកម្ពុជា ការបើករបរ អាជីវកម្ម ជាពិសេសសណ្ឋាគារផ្ទះសំណាក់ គឺមានភាពងាយស្រួលជាងគេនៅលើលោក ដោយមិនមានការហាមឃាត់ពីអាជ្ញាធរនោះទេ ខុសពីបណ្តាប្រទេសខ្លះ នៅពេលដែលមានការស្នើសុំបើកអាជីវកម្មសណ្ឋាគារ នឹងមានការសួរយ៉ាងលម្អិត ពីបទពិសោធន៍ ដើមទុន និងប្រភេទនៃការសណ្ឋាគារដែលត្រូវបើក។
លោកបានលើកឡើងបន្ថែមថា «បើចង់អភិវឌ្ឍន៍អាជីវកម្មមួយឱ្យរីកចម្រើន មាននិរន្តភាព ទាល់តែយើងមើលកំណើនរបស់ភ្ញៀវ និងទាល់តែមានការសិក្សាមួយដែលជាក់លាក់»។
លោក ធួន ស៊ីណាន លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «យន្តការទាក់ទាញភ្ញៀវទេសចរកម្ពុជា នៅរដូវកាលបៃតង (Green Season)»។
សូមស្តាប់ការពន្យល់បន្ថែមរបស់លោក ធួន ស៊ីណាន៖