(ជប៉ុន)៖ ឆ្លៀតក្នុងឱកាសអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ បានឆ្លៀតពេលអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Kato Akiyoshi អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន។

ក្នុងជំនួបទ្វេភាគីប្រកបដោយមេត្រីភាពនាឱកាសនេះ ការធ្វើអានុភាវូបនីយកម្មកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគីកម្ពុជា-ជប៉ុន សម្រាប់ជំរុញសន្ធានកម្មខ្សែច្រវាក់ផលិតនិងផ្គត់ផ្គង់ ត្រូវបានលើកយកមកជា​ប្រធានបទចម្បង​ក្នុងការពិភាក្សា។ ភាគីទាំងពីរបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការនាំយកមកនូវសហបង្កើតសេដ្ឋកិច្ចមួយ(Economic Co-creation) តាមរយ:ការបង្កើនប្រកបដោយចីរភាពនៃចំនួនធុរកិច្ច និងវិនិយោគជប៉ុនមកកាន់កម្ពុជា ហើយភាគីទាំងពីរក៏បានឯកភាពក្នុងការអនុវត្តរួមគ្នាសំដៅលើកកម្ពស់បរិយាកាសវិនិយោគឱ្យកាន់តែមានភាពប្រសើរឡើង។

ដើម្បីសម្រេចបាននូវគោលដៅរួមខាងលើលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជំរុញ និងផ្តល់កិច្ចសម្របម្រួលវិនិយោគ ដោយឈរលើមូលដ្ឋានរួមគ្នាបន្តពូនជ្រុំវិនិយោគពីប្រទេសជប៉ុនឱ្យកាន់តែមានវិបុលភាពនៅកម្ពុជា រួមចំណែក​ដល់កំណើនសេដ្ឋកិច្ច សំដៅតភ្ជាប់និងច្បាមយកកាលានុវត្តន៍ភាពនៃការពង្រីកវិសាលភាពឱ្យកាន់តែធំនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។

ជាមួយគ្នានេះភាគីទាំងពីរក៏បានបង្ហាញពីឆន្ទៈរួមក្នុងការកែលំអបរិយាកាសវិនិយោគដើម្បីឱ្យមជ្ឈដ្ឋានខាងក្រៅបានមើលឃើញពីកម្ពុជាពិត (Real Cambodia) ជាមួយនិងការផ្លាស់ប្តូរវិធានធុរកិច្ចពាក់ព័ន្ធមួយចំនួន សំដៅលើកកម្ពស់ផលិតភាពការងារតាមរយៈការអភិវឌ្ឍជំនាញ, ការកាត់បន្ថយការប្រើប្រាស់ថាមពល, ការកាត់បន្ថយសោហ៊ុយលើការងារភស្តុភារកម្ម និងការពង្រឹងយន្តការផ្តល់សេវា​ឱ្យកាន់តែមានប្រសិទ្ធភាព​ខ្ពស់ ជាពិសេសការផ្តល់សេវាថែទាំគាំទ្រវិនិយោគិនដែលកំពុងវិនិយោគស្រាប់ដើម្បីឱ្យពួកគេមានភាពកក់ក្តៅក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត៕