(ភ្នំពេញ)៖ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានណែនាំសមាជិកទាំងអស់ យកចិត្តទុកដាក់ខ្ពស់ ចំពោះបទប្បញ្ញត្តិគយសំខាន់ៗមួយចំនួន ជាពិសេសកុំនាំចូលផ្ទាំងក្រណាត់ចាក់ ព្រោះបំពានច្បាប់គយកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ TAFTAC។
TAFTAC បានរំលឹកសមាជិក ដែលជាម្ចាស់រោងចក្រកាត់ដេរថា ការនាំចូលផលិត ផលសម្រេចឬផលិតផលពាក់កណ្តាលសម្រេចដូចជាផ្ទាំងក្រណាត់ចាក់ ត្រូវបានហាមឃាត់។ ការនាំចូលនេះបំពានច្បាប់ គយកម្ពុជា ហើយផលិតផលសម្រេចមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការទទួលស្គាល់ថា «ផលិតក្នុងប្រទេសកម្ពុជា។ ការបំពានណាមួយនឹងទទួលរងទោសទណ្ឌរដ្ឋបាលនិងការផាកពិន័យធ្ងន់ធ្ងរ។ ការនាំចូលផ្ទាំងក្រណាត់ចាក់ អាចត្រូវបានអនុញ្ញាតលុះត្រាតែមានការអនុញ្ញាតជាមុនពីរដ្ឋាភិបាលតាមយន្តការ OPA (Outward Processing Arrangement)។ ទោះយ៉ាងណាក្តី ការលើកលែងនេះអនុវត្តចំពោះតែការនាំចេញទៅសហភាពអឺរ៉ុប (EU) ដែលយន្តការ OPA ត្រូវបានទទួលស្គាល់និងទទួលយក។
ជាមួយគ្នា TAFTAC បានប្រាប់ផងដែរអំពី តម្រាយផ្លូវដឹកជញ្ជូនទំនិញដែលកំណត់ដោយគយសម្រាប់វត្ថុធាតុដើមនាំចូល។ TAFTAC បានឱ្យដឹងថា វត្ថុធាតុដើមនាំចូលទាំងអស់ដែលចូលមកក្នុងប្រទេសកម្ពុជាត្រូវតែដឹកជញ្ជូនពីកំពង់ផែឬច្រកចូលពីព្រំ ដែនទៅរោងចក្រដោយប្រើប្រាស់តម្រាយផ្លូវដែលកំណត់ដោយគយ។ ការដឹកខុសតម្រាយផ្លូវដោយគ្មានការអនុញ្ញាតពីគយត្រូវចាត់ទុកថាជាការបំពាន និងប៉ុនប៉ងជួញដូរខុសច្បាប់នូវវត្ថុធាតុដើមនាំចូលដែលទទួលបានការលើកលែងពន្ធ។ ជាលទ្ធផល វត្ថុធាតុដើមនាំចូលទាំងនោះនិងរថយន្តអាចនឹងត្រូវបញ្ឈប់ ឬឃាត់ដោយមន្ត្រីគយដើម្បីដាក់ទោសទណ្ឌ រដ្ឋបាលនិងផាកពិន័យ។
សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា សូមជំរុញសមាជិកទាំងអស់គោរពតាមបទប្បញ្ញត្តិខាងលើ ដើម្បីចៀសវាងការរាំងស្ទះដល់ប្រតិបត្តិការអាជីវកម្ម និងការខាតបង់ផ្នែកហិរញ្ញវត្ថុ ព្រមទាំងផលវិបាកផ្នែកច្បាប់ផ្សេងៗទៀត៕