(ភ្នំពេញ)៖ យន្ដហោះប្រភេទថ្មី ATR72-600 របស់អាកាសចរណ៍ជាតិកម្ពុជា នឹងមកដល់ជាលើកដំបូង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ស្អែកនេះ។ នេះបើតាមការបញ្ជាក់ពីលោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រាប់បណ្តាញព័ត៌មាន Fresh News។

តាមការគ្រោងទុក យន្ដហោះប្រភេទថ្មី ATR72-600 ខាងលើនេះ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដោយការចូលរួមទទួលពីលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា។

សូមជម្រាបថា កាលពីខែមេសា ឆ្នាំ២០២៥ ក្នុងពិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរ បណ្ឌិត ម៉ៅ ហាវណ្ណាល់ ធ្លាប់បានលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា នឹងចាប់ផ្តើមប្រើប្រាស់យន្តហោះប្រភេទថ្មី ATR72-600 ចំនួន៣គ្រឿង នៅឆ្នាំ២០២៥។ ឥឡូវយន្តហោះប្រភេទថ្មី ATR72-600 នឹងមកដល់១គ្រឿងមុនសិន។

យន្តហោះ ATR 72-600 ត្រូវបានគេស្គាល់ថា ប្រសិទ្ធភាពក្នុងការសន្សំប្រេងដ៏ល្អឥតខ្ចោះ ដោយប្រើប្រាស់ប្រេងតិចជាងយន្តហោះប្រភេទចាស់ពី១៥ ទៅ២០% ហើយត្រូវការផ្លូវរត់ខ្លី។ អ្នកដំណើរនឹងរីករាយជាមួយនឹងសម្លេងដ៏ស្ងប់ស្ងាត់ក្នុងយន្តហោះ ផាសុខភាពជាងមុន ជាមួយនឹងកន្លែងអង្គុយធំទូលាយ និងបរិក្ខារទំនើបៗ។

អនុលោមតាមស្តង់ដារបរិស្ថានចុងក្រោយបំផុតរបស់អង្គការ អាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) និងត្រូវបានជឿទុកចិត្តដោយក្រុមហ៊ុនអាកាសចរណ៍ជាង 200 នៅទូទាំងពិភពលោក។ ATR 72-600 គឺជាជម្រើសដ៏ឆ្លាតវៃ និងគួរឱ្យទុកចិត្តសម្រាប់ប្រតិបត្តិការក្នុងតំបន់។

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា គ្រោងនឹងនាំយកយន្តហោះ ATR 72-600 ចំនួន៣គ្រឿង នៅឆ្នាំ២០២៥។ បន្ទាប់ពីយន្តហោះទី១ មកដល់ យន្តហោះទី២ និងទី៣ ត្រូវបានរំពឹងទុកនៅក្នុងខែតុលា និង ខែវិច្ឆិកាផងដែរ។

ស្របគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏កំពុងជំរុញការដាក់ឱ្យប្រើប្រាស់យន្តហោះ Airbus A320 និងប្រភេទយន្តហោះផ្សេងទៀត ដែលមានសមត្ថភាពប្រតិបត្តិការ ហោះហើរផ្លូវឆ្ងាយ ដោយធានាបាននូវជើងហោះហើរចម្រុះ និងទំនើប ស្របតាមតម្រូវការប្រតិបត្តិការផ្សេងៗគ្នា៕