(ភ្នំពេញ)៖ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ចំនួន២ គឺ DTA កម្ពុជា-ឡាវ និង DTA កម្ពុជា-ហ្វីលីពីន​ ត្រូវបានចុះហត្ថលេខារួចរាល់ និងកំពុងបន្តរៀបចំនីតិវិធីក្នុងការដាក់កិច្ចព្រមព្រៀងចូលជាធរមាននៅពេលខាងមុខនេះ ខណៈ​ខណៈកិច្ចព្រមព្រៀងជាមួយប្រទេសចំនួន ៧ទៀតកំពុងចរចា។ នេះបើយោងតាមអគ្គនាយកដ្ឋានពន្ធដារ។

អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាបាននិងកំពុងអនុវត្តកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ជាមួយរដ្ឋបាលសារពើពន្ធចំនួន ១១ ក្នុងនោះមានរដ្ឋបាលសារពើពន្ធ ថៃ, សិង្ហបុរី, ព្រុយណេ, ចិន, វៀតណាម, តំបន់រដ្ឋបាលពិសេសហុងកុង, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតួកគី​។

ចំណែក ​DTA​ចំនួន ២ទៀតបាន រួមមាន DTA កម្ពុជា-ឡាវ និង DTA កម្ពុជា-ហ្វីលីពីន​ត្រូវបានចុះហត្ថលេខារួចរាល់។ បន្ថែម ពីលើនេះ DTA កម្ពុជា-មីយ៉ាន់ម៉ា ត្រូវបានបញ្ចប់កិច្ចចរចាកម្រិតបច្ចេកទេស និង DTA រវាងកម្ពុជាជាមួយរដ្ឋបាលសារពើពន្ធចំនួន ៦ ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលនៃការចរចា រួមមាន អេមីរ៉ាតអារ៉ាប់រួម ជប៉ុន ម៉ារ៉ុក បារាំង កាតា និងអាស៊ែបៃហ្សង់។

ក្នុងខែមេសា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារបានពិនិត្យ និងសម្រេចផ្តល់អត្ថប្រយោជន៍ក្រោមកិច្ចព្រមព្រៀង DTA ដល់សហគ្រាសដែលបានស្នើសុំចំនួន ៨៣ សហគ្រាស និងសរុបរយៈពេល ៤ខែ ដើមឆ្នាំ២០២៥ មានចំនួន ១៧៨ សហគ្រាស។

កាលពីពេលថ្មីៗកន្លងទៅនេះ​ កម្ពុជា និងសាធារណរដ្ឋបារាំង បានឈានដល់ការបញ្ចប់កិច្ចចរចាទាំងស្រុងកម្រិតបច្ចេកទេស លើកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា បន្ទាប់ពីភាគីទាំងពីរបានពិភាក្សាលម្អិត និងស៊ីជម្រៅលើគ្រប់មាត្រា និងចំណុចដែលនៅសេសសល់ទាំងអស់ ដែលពុំទាន់បានឯកភាពនៅជុំទី២។

ជាមួយគ្នានេះ ការចរចា DTA ជុំទី៣ ជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួម សម្រេចបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ដែលមាត្រា និងចំណុចមួយចំនួនធំនៃកិច្ចព្រមព្រៀងត្រូវបានឯកភាពទាំងស្រុង ជាមួយនឹងការប្តេជ្ញាចិត្ត រួមគ្នារវាងភាគីទាំងពីរ ក្នុងការបន្តការចរចាដើម្បីឈានទៅបញ្ចប់ការចរចាទាំងស្រុងលើមាត្រា និងចំណុចដែលនៅសេសសល់ឱ្យបានឆាប់។

កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) មិនគ្រាន់តែបង្កើតឡើងដើម្បីចៀសវាងការយក ពន្ធត្រួតគ្នានោះទេ ប៉ុន្តែកិច្ចព្រមព្រៀងនេះ ផ្តល់ទំនុកចិត្ត និងភាពប្រាកដប្រជាដល់វិនិយោគិនបរទេស តាមរយៈអត្ថប្រយោជន៍ជាច្រើនដែល មានជាអាទិ៍ ផ្តល់វិធានការច្បាស់លាស់ក្នុងការកំណត់សិទ្ធិយកពន្ធរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀង បន្ធូរបន្ថយលើការអនុវត្តចំពោះប្រភេទពន្ធ មួយចំនួន ទប់ស្កាត់ឬលុបបំបាត់ការរើសអើងពន្ធរវាងក្រុមហ៊ុនក្នុងស្រុកនិងក្រុមហ៊ុនបរទេស ផ្តល់យន្តការដោះស្រាយបណ្តឹងតវ៉ាពន្ធដារ និងយន្តការផ្លាស់ប្តូរព័ត៌មានរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀងដើម្បីដោះស្រាយបញ្ហាការគេចវេះពន្ធជាដើម៕