(ភ្នំពេញ)៖ ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងឲ្យដឹងថា លំហូសាច់ប្រាក់មិនរឹងមាំ បានធ្វើឲ្យម្ចាស់គម្រោងអចលនទ្រព្យងាយរងគ្រោះ និងបង្កហានិភ័យដល់អតិថិជន ដោយក្នុងនោះមានការសាងសង់ជាប់ស្ទះជាដើម មិនមានលទ្ធភាពក្នុងការសាងសង់បន្ដ។

ការលើកឡើងរបស់លោក ឧកញ៉ា សន សៀប ធ្វើឡើងក្នុងកម្មវិធី RESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «វិធីការពារខ្លួនពីគម្រោង វិនិយោគអចលទ្រព្យបោកប្រាស់»

ឧកញ៉ា សន សៀប បានថ្លែងឲ្យដឹងថា «ម្ចាស់គម្រោងតែងតែសម្លឹងលើប្រាក់ចំណេញ ដូច្នេះអ្នកអភិវឌ្ឍន៍ ឬម្ចាស់គម្រោងមួយចំនួន ដែលមានថវិការឹងមាំ គឺមិនសូវជួបបញ្ហានោះទេ។ ចំពោះអ្នកវិនិយោគ ឬម្ចាស់គម្រោងមួយចំនួនមានថវិកាតិច ចាប់ផ្ដើមគៀងគរវិនិយោគពី អ្នកខាងក្រៅដើម្បីចាប់ផ្ដើមគម្រោងរបស់ខ្លួន ដោយលក់ផងសាងសងផង ឬលក់ដោយភ្ជាប់ជាមួយនឹងការប្រាក់ជូនអតិថិជន ប៉ុន្ដែក្នុងករណីដែលមានការរាំងស្ទះ ដោយកត្តាណាមួយនឹងធ្វើឲ្យ ទឹកប្រាក់ដែលត្រូវនិយោគក៏ត្រូវថយចុះ ដែលធ្វើឲ្យប៉ះពាល់ ដល់លំហូរសាច់ប្រាក់ នាំឲ្យមានការរាំងស្ទះដល់ការសាងសង់ បង្កហានិភ័យដល់អតិថិជនដែលបានទិញគម្រោង»

ឧកញ៉ា សន សៀប បានបញ្ជាក់ថា កត្តាដែលនាំឲ្យមានអតិថិជនជួបប្រទះហានិភ័យ ឬរងគ្រោះភាគច្រើនដោយសារតែ អតិថិជនមិនសូវដឹងលម្អិតអំពីគម្រោងនីមួយៗនោះទេ ឲ្យតែពួកគាត់សម្លឹងឃើញថា ទីតាំងល្អ តម្លៃសមរម្យ អាចទិញបានគឺទិញ ហើយក្នុងនោះម្ចាស់គម្រោងអាចទាក់ទាញអ្នកទិញបាន តាមរយៈការផ្ដល់ជូនផ្សេងៗ ដូចជាការផ្ដល់ជូនការប្រាក់មានន័យថា ប្រសិនបើអតិថិជនទិញដីនឹងទទួលបានប្រាក់ចំណេញទៅវិញ ដូច្នេះហើយទើបបណ្ដាលឲ្យមានអតិថិជនរងគ្រោះ៕