(ភ្នំពេញ)៖ ម្ចាស់រោងចក្រកាត់ដេរដ៏ធំមួយ ដែលបាននិងកំពុងផ្គត់ផ្គង់សម្លៀកបំពាក់ដល់ប្រេនម៉ាកល្បីៗ ដូចជា ​POLO, PUMA, New Balance ជាដើម បានលើកឡើងថា ខ្លួនកំពុងទទួលផលពីសង្គ្រាមពាណិជ្ជកម្មដំឡើងពន្ធរវាងអាមេរិក និងចិន ពោលគឺបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ត្រាំ ប្រកាសដំឡើងពន្ធលើទំនិញនាំចេញពីប្រទេសចិនរហូតដល់ ២៤៥% រោងចក្ររបស់លោកទទួលបានការបញ្ជាទិញទ្វេដង។

លោក Chen Tsung Chi (Henrry Chen) នាយកប្រតិបត្តិ​នៃក្រុមហ៊ុន Grand Twins International Cambodia (GTI) ​គូសបញ្ជាក់បែបនេះ ធ្វើឡើង ​វេទិកា ក្រុមហ៊ុនចុះបញ្ជី ស្តីពី «វឌ្ឍនភាពរបស់ក្រុមហ៊ុន ហ្រ្គេនធ្វីន អ៊ីនធើណេសិនណល (GTI)»នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥​។

​លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «កាលពីថ្ងៃទី១០ ខែមេសា នៅពេលដែលសហរដ្ឋអាមេរិក ប្រកាសដំឡើងពន្ធទ្វេដងទៅលើប្រទេសចិនរហូតដល់ ២៤៥% ក្នុងពេលនោះ​បានធ្វើឱ្យម្ចាស់ផលិតកម្មមួយចំនួនបង្វែរការផលិតពីប្រទេសចិនមកប្រទេស​ផ្សេង ហើយ GTI ទទួលបានបញ្ជាទិញទ្វេដង ហេតុដូច្នេះហើយ នាំឱ្យ GTI អាចបំពេញផលិតកម្មរបស់ខ្លួនបានរហូតឆ្នាំ២០២៦»

ជាមួយគ្នានេះ លោកបានឱ្យដឹងផងដែរថា បើទោះបីជា សហរដ្ឋអាមេរិកដំឡើងពន្ធលើទំនិញនាំចូលពីកម្ពុជាក៏ដោយ ប៉ុន្តែ រោងចក្រកាត់ដេរសម្លៀកបំពាក់ GTI ហាក់មិនសូវមានការប៉ះពាល់ប៉ុន្មានទេ ដោយសារបច្ចុប្បន្ននេះ រោងចក្រនេះផ្គត់ផ្គង់ដល់ទីផ្សារសហរដ្ឋអាមេរិកបាន ២០%ប៉ុណ្ណោះ និងមួយផ្នែកទៅកាន់ទីផ្សារអឺរ៉ុប រួមនឹងទីផ្សារផ្សេងទៀត​ ពោលគឺក្រុមហ៊ុន មិនបានពឹងផ្អែកទាំងស្រុងទៅលើទីផ្សារសហរដ្ឋអាមេរិកឡើយ។

លោកបានឱ្យដឹងទៀតថា គិតក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ការនាំចេញរបស់ GTI ទៅសហរដ្ឋអាមេរិក មានទំហំ២៥% នៃការនាំចេញសរុប។

​គួរជម្រាបថា ក្រុមហ៊ុន Grand Twins International Cambodia គឺជាក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងទីផ្សារមូលបត្រ ដើម្បីកៀរគរទុនពីសាធារណៈជនពង្រីកផលិតកម្មរបស់ខ្លួន។ បច្ចុប្បន្ន រោងចក្រនេះ បានផ្តល់ការងារដល់កម្មករនិយោជិតប្រមាណ​ជាង៥ពាន់នាក់៕