(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានសេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យអនុវត្តនូវវិធានការ សម្រាប់ការនាំចេញទំនិញមួយចំនួន ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែឧសភានេះ។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ប្រកាសអន្តរក្រសួង ស្តីពីវិធានការសម្រាប់បង្ការនិង ទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និង ប្រកាសស្តីពីនីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញ ទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក នឹងអនុវត្តចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នេះតទៅ។

ប្រកាសទាំងពីរនេះ មានគោលបំណងបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងជំរុញការ អនុវត្តច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ប្រកបដោយតម្លាភាព សម្រាប់ការនាំចេញទំនិញមួយចំនួនពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ជាមួយគ្នានេះ ផលិតករ និងអ្នកនាំចេញ មិនតម្រូវឱ្យបង់កម្រៃសេវាសាធារណៈ សម្រាប់ការស្នើសុំលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញនោះឡើយ៕